បុគ្គលិកម្ពុជានឹងបានប្រាក់ខែថ្លៃ ក្រោយក្រុមហ៊ុនជប៉ុនជាង១៧០០នឹងមកវិនិយោគនៅកម្ពុជា នាពេលខាងមុខនេះ
យ៉ាងហោចណាស់នៅត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ ក្រុមហ៊ុនជប៉ុនដែលកំពុងតែមានប្រតិបត្តិការ និងវិនិយោគដោយផ្ទាល់នៅកម្ពុជា បានកើនឡើងរហូតដល់ជាង១៧០០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនចំនួន១៣៧ បានធ្វើការចុះបញ្ជីទៅលើគម្រោងវិនិយោគធំៗលើគ្រប់វិស័យនៅកម្ពុជា។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី២៩ ខែឧសភា នេះនៅក្នុងកម្មវិធី សិក្ខាសាលាស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា នៅក្នុងប្រទេសជប៉ុនថា នៅក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ របស់ក្រុមហ៊ុនជប៉ុនចំនួន១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ២,៥ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
សម្ដេចបានបញ្ជាក់ទៀតថា ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំងធំ ទាំងតូច ចំនួនប្រមាណ១.៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យជាច្រើនដូចជាវិស័យធនាគារ អាកាសចរណ៍ ភោជនីយដ្ឋាន ជាដើម។ ចំពោះវិស័យធនាគារ បច្ចុប្បន្នមានធនាគារដែលមានភាគហ៊ុនជប៉ុនចំនួន ៦ កំពុងមានប្រតិបត្តិការនៅកម្ពុជា ក្នុងនោះធនាគារមីហ្ស៊ូហូជាធនាគារជប៉ុន លំដាប់អន្តរជាតិដំបូងគេបង្អស់ ដែលបានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជនៅកម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។
ចំណែកវិស័យទេសចរណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរជប៉ុនប្រមាណជាង៦ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើងប្រមាណ២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ កំណើននៃប្រជាជនកម្ពុជាមកប្រទេសជប៉ុនក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ នេះបើយោងតាមព័ត៌មានដែលយើងទទួលបានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា គឺបើធៀបនឹងឆ្នាំ២០១៧ នៅឆ្នាំ២០១៨ កន្លងទៅកំណើននៃការផ្តល់ទិដ្ឋាការ ដល់ប្រជាជនកម្ពុជាមានការកើនឡើងប្រមាណ៣៤ភាគរយ៕