ក្រុមហ៊ុន Royal Railway របស់អ្នកឧកញ្ញ៉ា គិត ម៉េង បានបញ្ជាទិញក្បាលរថភ្លើងចំនួន ១០គ្រឿងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា។
ប្រភពច្បាស់ការមួយបានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ នេះថា ក្បាលរថភ្លើងទាំង ១០ នេះ បានបញ្ជាទិញពីប្រទេសម៉ាឡេស៊ី ហើយក្បាលរថភ្លើងមួយចំនួនត្រូវបានដឹកមកដល់កម្ពុជា និងមួយចំនួនទៀតនឹងត្រូវដឹកមកជាបន្តបន្ទាប់តាមក្រោយ។
ក្រុមហ៊ុន Royal Railway គឺជាក្រុមហ៊ុនដ៏ធំដែលបានទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើវិស័យរថភ្លើងនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបានប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានប្រកាសផ្អាកធ្វើអាជីវកម្មម្តង តែក្រោយមកក៏បានប្រកាសឲ្យដំណើរការធម្មតាឡើងវិញ ដរាបណាកិច្ចព្រមព្រៀងថ្មី និងដៃគូវិនិយោគថ្មី មិនទាន់មាន និងមិនទាន់បានធ្វើឡើង។ សម្តេចតេជោបញ្ជាក់ថា នៅពេលដែលរកដៃគូវិនិយោគថ្មីបានហើយនោះ ក្រុមហ៊ុន Royal Railway ក៏អាចចូលទុនក្នុងគម្រោងវិនិយោគថ្មីបាន ដើម្បីមានឱកាសពង្រីកវិសាលភាពការដឹកជញ្ជូនតាមផ្លូវដែក បានកាន់តែទូលំទូលាយ ដោយសម្តេចចង់បានផ្លូវដែក ដែលមានដំណើរការដឹកជញ្ជូន មានភាពរស់រវើក និងសកម្ម។
ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសម្រេចផ្តល់ឲ្យក្រុមហ៊ុន រ៉ូយ៉ាល់រេវ៉េ (Royal Railway) របស់អ្នកឧកញ៉ា គិត ម៉េង បន្តប្រតិបត្តិការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ តាមផ្លូវដែកភាគខាងត្បូងដដែល (ពីភ្នំពេញ ទៅខេត្តព្រះសីហនុ) ។ ការផ្តល់បន្តប្រតិបត្តិឡើងវិញនេះដោយសារ ក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ លើលក្ខខណ្ឌគិតយុត្តិ និងបច្ចេកទេស ពាក់ព័ន្ធក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក ក្រសួងអនុញ្ញាតឲ្យក្រុមហ៊ុន រ៉ូយ៉ាល់រេវ៉េបន្តប្រតិបត្តិការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ តាមផ្លូវដែកភាគខាងត្បូងដដែល។
ទន្ទឹមនោះក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនជំនាញ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងនោះអាចមានការចូលរួមពីក្រុមហ៊ុនរ៉ូយ៉ាល់រេវ៉េ ដើម្បីធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូង ឲ្យសមស្របទៅនឹងតម្រូវការ ជាក់ស្តែងរបស់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញ និងនាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរឲ្យមានលក្ខណៈស្តង់ដាអន្តរជាតិ និងធ្វើឲ្យ មានភាពជឿជាក់ មានសុវត្ថិភាព និងមានតម្លៃសមរម្យ។
ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវ៉េ បានបញ្ជាក់ថា ខ្លួននឹងប្តេជ្ញាខិតខំសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តនិរន្តរភាពនៃការដឹកជញ្ជូនតាមផ្លូវដែកឲ្យកាន់តែល្អប្រសើរឡើង ទាំងការដឹកជញ្ជូនភ្ញៀវអ្នកដំណើរ ប្រេង សាំង ធ្យូងថ្ម និងទំនិញនានាជាច្រើនមុខទៀតតាមទូ កុងតឺន័រ មិនឲ្យរាំងស្ទះឡើយ៕