ក្រោយទណ្ឌកម្មអាមេរិក Huawei នៅមានសង្ឃឹមទៀត ព្រោះប្រទេសម៉ាឡេស៊ីនៅតែបន្តគាំទ្រក្រុមហ៊ុនច្រើនបំផុត
ឯកឧត្តម មហាធៀ មហាម៉េដ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងបន្តប្រើប្រាស់ផលិតផលរបស់ Huawei ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់តំបន់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងតូក្យូនៃប្រទេសជប៉ុន។
ឯកឧត្តម Mahathir បានពន្យល់ដែរថា មូលហេតុដែលធ្វើឱ្យប្រទេសម៉ាឡេស៊ីបន្តប្រើប្រាស់ផលិតផលរបស់ Huawei ព្រោះតែក្រុមហ៊ុនចិនមួយនេះ មានសមត្ថភាពស្រាវជ្រាវបច្ចេកវិទ្យាទំនើបៗខ្លាំង ដូច្នេះហើយទើបប្រទេសឯកឧត្តម នឹងព្យាយាមប្រើប្រាស់ផលិតផលបច្ចេកវិទ្យារបស់ Huawei ដើម្បីជាប្រយោជន៍ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
នាយករដ្ឋមន្រ្តីរូបនេះ បានលើកឡើងទៀតថា បើទោះបីជាក្រុមហ៊ុន Huawei ត្រូវបានសហរដ្ឋអាមេរិកយល់ថា ជាក្រុមហ៊ុនស៊ើបការណ៍ឱ្យប្រទេសចិនក៏ដោយ ក៏ប្រទេសម៉ាឡេស៊ីនៅបន្តប្រើប្រាស់ផលិតផលចិនមួយនេះដដែល ព្រោះប្រទេសម៉ាឡេស៊ីជាប្រទេសបើកចំហរសេដ្ឋកិច្ច មិនខ្លាចបណ្តាប្រទេសផ្សេងៗឈ្លានពាន ដោយការស៊ើបការណ៍តាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។
នាយករដ្ឋមន្រ្តីវ័យ៩៣ឆ្នាំខាងលើនេះ បានសង្កត់ធ្ងន់ដែរថា៖ “សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ត្រូវតែទទួលស្គាល់ថា ប្រជាជាតិអាស៊ី បច្ចុប្បន្នអាចផលិតសម្ភារៈទំនើបប្រកួតប្រជែងជាមួយបណ្តាប្រទេសខ្លួនបានហើយ ដូច្នេះមិនគួរគំរាមកំហែងដល់គូប្រជែងរបស់ខ្លួនឡើយ”៕