មិនធម្មតាមែន ! ក្រុមហ៊ុន​អាឡឺម៉ងអាច​បង្កើត​តាក់ស៊ី​ហោះលើ​អាកាស​បាន ដើម្បី​កាត់បន្ថយការ​កកស្ទះចរាចរណ៍​

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lilium របស់អាល្លឺម៉ង់ ដែលជាក្រុមហ៊ុនឈានមុខគេ ខាងបង្កើតយន្តហោះ ដើរដោយថាមពលអគ្គិសនី បានបញ្ចេញគំរូតាក់ស៊ីថ្មីមួយរបស់ខ្លួន ហោះហើរនៅលើអាកាស ជាលើកដំបូងដោយជោគជ័យ ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅតាមទីក្រុងនានា ក្នុងប្រទេសអាល្លឺម៉ង់ ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

យន្ដហោះដើរដោយថាមពលអគ្គិសនីខាងលើនេះ អាចដាក់មនុស្សបានចំនួន៥នាក់ ដោយវាត្រូវបានរចនាឡើង សម្រាប់ការធ្វើដំណើរក្នុងល្បឿនលឿនបំផុត ពោលគឺអាចហោះបានក្នុងរយៈចម្ងាយ៣០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ជាពិសេសវាមិនត្រូវការចំណតធំនោះទេ ព្រោះវាចុះពីលើមកក្រោម ដូចទៅនិងឧទ្ធម្ភាគចក្រដែរ។ មួយវិញទៀត គេអាចហៅសេវាកម្មយន្តហោះនេះជិះបានតាមរយៈApp នៅក្នុងទូរសព្ទដៃ ដូចទៅនឹងការហៅ រ៉ឺម៉កកង់បីឥណ្ឌា នៅកម្ពុជាយើងអញ្ជឹងដែរ។

After Footer (Active) - damrei Mr1 Zone2

បើតាមលោក Daniel Wiegand ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Lilium បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យខ្លួន និងក្រុមហ៊ុនសម្រេចបង្កើតសេវាកម្មតាក់ស៊ី នៅលើអាកាសនេះឡើង គឺដោយសារក្រុមហ៊ុនមើលឃើញពីការរីកចម្រើនរបស់ប្រទេស ជាពិសេសយើងចង់ចូលរួមកាត់បន្ថយការកក់ស្ទះចារចរណ៍ និងធ្វើឱ្យទីក្រុងមានសោភ័ណ្ឌភាពពណ៌បៃតង់។ ហើយយើងពិតជារំភើបខ្លាំងណាស់ ដែលបានឃើញយន្ដហោះ Lilium Jet ហោះទៅលើមេឃជាលើកដំបូង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Lilium បានចាប់កំណើតឡើងទាំងពីឆ្នាំ២០១៥មកម្លេះ ហើយក្រុមហ៊ុននេះបានទាញវិនិយោគិនឱ្យដាក់ទុនរកស៊ីជាមួយខ្លួន ក្នុងទំហំទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិកផងដែរ។ ចំណែកឯ ការចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុន គឺការបង្កើតយន្តហោះខ្នាតតូច ប្រើប្រាស់ដោយថាមពលអគ្គិសនី និងទទួលបានជោគជ័យខ្លាំង នៅក្នុងឆ្នាំ២០១៧៕