ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងទាក់ទាញវិនិយោគិនបរទេសកាន់តែខ្លាំង នេះបើតាមមន្ត្រីពាណិជ្ជកម្មថៃបានអះអាង
កម្ពុជានៅតែជាប្រទេសដ៏ទាក់ទាញ សម្រាប់វិនិយោគិនបរទេស ដោយការវិនិយោគដោយផ្ទាល់ពីបរទេសនៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមមន្រី្តជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មថៃ។
លោក Jirawuth Suwanna-arj ទីប្រឹក្សានាយកពាណិជ្ជកម្មនៃនាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ បានប្រាប់កាសែត The Nation ដែលមូលដ្ឋាននៅប្រទេសថៃកាលពីថ្ងៃទី៩ មិថុនាកន្លងមកថា ការវិនិយោគដោយផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជា បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៣។
លោក Jirawth បានថ្លែងថា ”កម្ពុជានៅតែទាក់ទាញវិនិយោគិនបរទេស ទោះបីជាសហភាពអឺរ៉ុបនឹងត្រូវកែតម្រូវ របស់ខ្លួនលើប្រទេសនេះនៅឆ្នាំនេះក៏ដោយ”។ កាលពីឆ្នាំ២០១៧ ប្រទេសនេះ ទទួលបានទឹកប្រាក់វិនិយោគផ្ទាល់ពីបរទេសចំនួន ៦២៩,៧ លានដុល្លារពោលគឺកើនឡើង៩,១២ភាគរយធៀបនឹងឆ្នាំមុន។
យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាវិនិយោគកម្ពុជាបានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងដល់ ១១៣,៩ លានដុល្លារក្នុងត្រីមាសទី១នៃឆ្នាំនេះ ពោលគឺកើនឡើង៣៣,៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបានថ្លែងថា “ប្រទេសចិនជាប្រទេសជាប់ចំណាត់ថ្នាក់ទី១ ដែលពង្រីកការវិនិយោគនៅកម្ពុជា បន្ទាប់មកគឺកូរ៉េខាងត្បូង និងអង់គ្លេស។ ប្រទេសថៃស្ថិតនៅលំដាប់លេខប្រាំបួនលើការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា”។
លោក Nontwaris Jatepiyawat នាយកក្រុមហ៊ុន Kingsmen CMTI (Cambodia) Co Ltd បានឲ្យដឹងថា ក្រុមហ៊ុននេះបានរកប្រាក់ចំណូលសរុបចំនួន៨ លានបាតនៅក្នុងប្រតិបត្តិការដំបូងរបស់ខ្លួន។ ក្រុមហ៊ុននេះ គ្រោងនឹងសម្រេចបាន២០ លានបាតនៅឆ្នាំនេះ និង៣០លានបាតនៅឆ្នាំ២០២០ ដោយសារមានកំណើនយ៉ាងខ្លាំងនៅក្នុងទីក្រុងកម្ពុជាធំៗ នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
ដោយមានការពង្រីកទៅកាន់មីយ៉ាន់ម៉ា និងកម្ពុជា ក្រុមហ៊ុន Kingsmen CMTI Plc បានកត់ត្រាប្រាក់ចំណូលសរុបចំនួន២,១៣ពាន់លានបាត កាលពីចុងឆ្នាំមុនកើនឡើង៨៦,៨ភាគរយ បើធៀបនឹង១,១៤ពាន់លានបាតសម្រាប់ឆ្នាំ ២០១៧។ នៅប្រទេសកម្ពុជាក្រុមហ៊ុនបានបង្កើតក្រុមហ៊ុន Kingsmen CMTI (ខេមបូឌា) កាលពីឆ្នាំមុន ដោយមានទុនចុះបញ្ជីចំនួន៣០ម៉ឺនដុល្លារ។
ក្រុមហ៊ុន Kingsmen CMTI ដែលមានមូលដ្ឋាននៅប្រទេសថៃ កំពុងបង្កើនសេវាកម្មរបស់ខ្លួននៅមីយ៉ាន់ម៉ា និងកម្ពុជា ដោយសារការពង្រីកអាជីវកម្មរបស់វិនិយោគិនថៃ និងបរទេសនៅក្នុងប្រទេសទាំងពីរនេះ។ នេះបើតាមសម្តីរបស់លោក Sunisa Ratnanenya អនុប្រធានក្រុមហ៊ុន Kingsmen CMTI៕