ត្រូ​វប្រុង​ប្រយ័ត្ន​ឲ្យបាន​ខ្ពស់ បច្ចុប្បន្ននេះ​ Bitcoin មាន​ទិន្នន័យក្លែងក្លាយជាច្រើន​​នៅក្នុង​ Internet ហើយ​ទិន្នន័យបោក

មាន​មនុស្ស​ជាច្រើនកំពុង​តែចូលហ៊ុ​នជាមួយ Bitcoin ហើយក៏មិនបាន​ដឹងច្បាស់ថា ទិន្នន័យមួយ​ចំនួន​ដែលបាន​បង្ហោះ​លើ​បណ្តាញអ៊ិន​ធើណេត​នោះ ជាបណ្តាញផ្សព្វផ្សាយ​បែបបោកប្រាស់ទាល់តែសោះ ហើយមានអ្នកខាតបង់ប្រាក់​កាស​យ៉ាងច្រើនបំផុត​។

បើតាមរបាយការណ៍មួយរបស់ខាង​អាជ្ញាធរ​ ដែលទទួលបន្ទុក​លើ​បទល្មើសសេដ្ឋកិច្ចរបស់អាមេរិក​ បានរកឃើញថា បរិមាណនៃ​ការ​ជួញដូរ​ Bitcoin រហូតដល់ទៅ៩៥%ត្រូវ​បា​ន​គេ​ក្លែងបន្លំពីសំណាក់ពួកអ្នកជួញដូរ។

បន្ថែមពីនោះមានការ​ស៊ើបអង្កេត​ពីសំណាក់​ក្រុមហ៊ុន Bitwise ដែលជាក្រុមហ៊ុនគ្រប់គ្រង​ទ្រព្យប្រភេទ​ឌីជីធល រកឃើញថាក្នុង​ចំណោម​វេបសាយជួញដូរ Bitcoin ៨១វេបសាយ មាន៧១វេបសាយ ហើយដែល​ក្លែង​បន្លំបរិមាណនៃការ​ជួញដូរនោះ។ ប៉ុន្តែក៏មានដែរ​ផ្សារឬវេបសាយជួញដូរ​ត្រឹមត្រូវ​ ដោយបើតាម​ប្រធានក្រុមហ៊ុន​ Bitwise ដដែលនោះបានលើកឡើង​ថា ផ្សារជួញដូរ​ពិត​ប្រាកដ​នៅតែមាន​បើទោះជា​មានការបោកប្រាស់​ច្រើនយ៉ាង​ណាក្ដី។

មូលហេតុដែលធ្វើឱ្យ​វេបសាយ​ជួញដូរ​ Bitcoin ភាគច្រើនបំប៉ោង​តួរ​លេខ​នៃការ​ជួញដូរ​នោះដោយហេតុតែ ដើម្បីឱ្យមានអ្នកចាប់អារម្មណ៍ចូលទៅជួញដូរ​ច្រើនជាមួយនឹង​ផ្លេតហ្វមរបស់ខ្លួន និងទាក់ទាញក្រុមហ៊ុនថ្មីៗក្នុងដំណើរ​ការ​បោះផ្សាយកាក់ជាសាធារណ (ICO)។

ហេតុនេះហើយសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍វិនិយោគទៅលើ Bitcoin គួរ​តែសិក្សារ​ឱ្យច្បាស់លាស់សិនមុននឹង​ដាក់លុយទៅ ដោយហេតុតែលុយប្រភេទថ្មីនេះទាមទារឱ្យយើងធ្វើការ​ស្រាវជ្រាវច្រើន បើមិនដូច្នោះទេហានិភ័យក្នុងការ​វិនិយោគ​មាន​ទំហំធំ។ ជាមួយគ្នានេះដែរ Bitcoin មិនត្រូវបានទទួលស្គាល់ជាផ្លូវ​ការ​ដោយធនាគារជាតិនៃកម្ពុជាយើង​នោះទេ ហើយរដ្ឋាភិបាលប្រទេស​ផ្សេងៗទៀត ​នៅលើពិភពលោកក៏មានការ​ហាមប្រាមមិនទទួលស្គាល់លុយនេះផងដែរ។

គូសបញ្ជាក់ថាសម្រាប់ឥឡូវនេះក្នុងមួយ Bitcoin មានតម្លៃប្រមាណជាមួយម៉ឺនដុល្លារ​ជាង ដោយមានការ​ឡើង​ក្រឺត​ចាប់តាំង​ពីដើមខែមិថុនានេះមក៕