ទើបតែពាក់កណ្តាលឆ្នាំ២០១៩ទេ ប៉ុន្តែក្រុមហ៊ុន Honda បានបញ្ចេញ CR-V ឆ្នាំ២០២០ រួចជាស្រេច ជាមួយកំណែទម្រង់រូបរាងកាលីបជាងមុនដែលជាឡានជំនាន់ទី៥ ហើយអ្វីដែលស្ទើរមិនគួរឲ្យជឿនោះគឺឡាន SUV មួយនេះមានតម្លៃសមរម្យមែនទែនខ្ទង់២ម៉ឺនដុល្លារប៉ុណ្ណោះនៅអាមេរិក។
អ្នករចនា CR-V ឆ្នាំនេះ បានកែរូបរាងវាទំនើបជាងមុន មិនចាញ់ឡានប្រណិតដូចជា Lexus ទេ ដោយទម្លាក់ក្បាលវាឲ្យទាបបន្តិច។
2020 Honda CR-V មានម៉ាស៊ីនប៉ុន CR-V ចេញឆ្នាំមុនដែរ មានពីរជម្រើសគឺពពួកប៉ុងមួយឬកម្លាំងរុញកង់មុខ និងប៉ុងពីរឬកម្លាំងរុញមុខក្រោយ។ វាមានម៉ាស៊ីន២.៤លីត្រ ៤ស៊ីឡាំង អាចប្រើហ្គាសបាន ផលិតកម្លាំង១៨៤សេះ និងមួយប្រភេទទៀតមានម៉ាស៊ីន១.៥លីត្រ ៤ស៊ីឡាំង កម្លាំង១៩០សេះ។
តម្លៃនៅអាមេរិកចាប់ផ្តើមពី២៤,៣៥០ដុល្លារ ប៉ុន្តែតម្លៃនេះអាចនឹងកើនឡើងតិចតួចបន្ទាប់ពី Honda ចេញលក់ជាផ្លូវការ ប៉ុន្តែពេលនេះ Honda មិនទាន់ប្រកាសថាចេញថ្ងៃណាឲ្យប្រាកដនៅឡើយ។ អ្វីដែលរំពឹងទុកពីអ្នកគាំទ្រ Honda នោះគឺCR-V 2020 អាចនឹងមានមួយម៉ូឌែលបន្ថែមទៀតដែលប្រើម៉ាស៊ីនកូនកាត់ និងលេខអូតូ ដោយសារឆ្នាំមុន Honda បានចេញឡានCR-V កូនកាត់នៅអឺរ៉ុបម្តងហើយ។
គួរបញ្ជាក់ថា ពេលនេះ Honda មិនទាន់បញ្ចេញព័ត៌មានលម្អិតពី CR-V 2020 នៅឡើយទេ ប៉ុន្តែ Honda CR-V ជំនាន់ចុងក្រោយត្រូវបាន Honda Cambodia យកមកដាក់តាំងបង្ហាញនៅកម្ពុជាហើយ៕