បច្ចុប្បន្នប្រទេសកម្ពុជាមានរថយន្តរាប់លានគ្រឿង ដែលកំពុងមានការចរាចរណ៍ និងមួយចំនួនទៀត កំពុងមានការនាំចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែបើក្រឡេកមើលរថយន្តអគ្គិសនីវិញក៏កំពុងមានការនាំចូលក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការប្រគួតប្រជែងជាមួយឡានសាំងផងដែរ។
ដើម្បីកាត់បន្ថយលើការចំណាយសាំង និងកាត់បន្ថយឡានសាំង ប្រទេសយើងគួរតែមាន៤ចំណុចខាងក្រោមនេះ៖
១-ការលើកទឹកចិត្តពីរដ្ឋាភិបាល
ចង់ប្តូរចិត្តមនុស្សពីជិះឡានសាំងមកជិះឡានអគ្គីសនីមិនមែនជារឿងងាយស្រួលទេ លុះត្រាណាតែកម្ពុជាធ្វើដូចថៃ ដោយរដ្ឋាភិបាលមានគម្រោងយកពន្ធនាំចូលឡានអគ្គីសនី០% លើកលែងពន្ធសាជីវកម្មរយៈពេលចាប់ពី៥ ដល់ ៨ ឆ្នាំ ព្រមទាំងលើកលែងពន្ធសម្រាប់ម្ចាស់រថយន្តផងដែរ។
២-ស្ថានីយ៍សាកអាគុយ
មានឡានអគ្គីសនីលុះត្រាណាតែមានស្ថានីយ៍សាកអាគុយនៅតាមទីសាធារណៈ ទោះបីឡានអគ្គីសនីអាចសាកអាគុយនៅតាមផ្ទះបានពិតមែន ប៉ុន្តែការបើកបរផ្លូវឆ្ងាយត្រូវការឲ្យឡានសាកអាគុយឡើងវិញ។ ដូចជានៅប្រទេសថៃរដ្ឋាភិបាលចង់កសាងស្ថានីយ៍សាកអាគុយឡានអគ្គីសនី ឲ្យបានប្រមាណ៣០០កន្លែងទូទាំងប្រទេសក្នុងជំហានដំបូង។
៣-ហេដ្ឋារចនាសម្ព័ន្ធ
បញ្ហាពីរដែលឡានអគ្គីសនីជួបប្រទះ គឺវាមិនអាចហែលទឹកដូចឡានសាំងទេ ដោយសារកាលណាវាត្រាំទឹកយូរ ទឹកនឹងជ្រាបចូលអាគុយ វានឹងប៉ះពាល់ដល់ម៉ាស៊ីនឡាន មួយទៀតឡានអគ្គីសនីដែលផលិតនៅពេលបច្ចុប្បន្ននេះមិនទាន់មានសមត្ថភាពបើកបរក្នុងផ្លូវពិបាកៗបាននៅឡើយ។
៤-កម្លាំង
ឡានអគ្គីសនីដែលលក់នៅស្រុកខ្មែរសព្វថ្ងៃ ជាទូទៅមានកម្លាំងខ្សោយនៅឡើយសម្រាប់តែបើកបរជិតៗផ្ទះប៉ុណ្ណោះ។ ជាក់ស្តែងឡានអគ្គីសនីនៅស្រុកខ្មែរបច្ចុប្បន្ននេះអាចបើកបរបានចម្ងាយប្រមាណ១០០ ទៅ ១២០ គីឡូម៉ែត្រ និងល្បឿនលឿនបំផុត៥០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ដូចច្នោះបើឡានអគ្គីសនីចង់លក់ដាច់ទាល់តែវាឡើងសមត្ថភាពខ្លាំងជាងនេះ៕