គ្រាន់តែបង្កើតកម្មវិធីកំសាន្តសោះ ធ្វើឲ្យលោក Simon Cowell អាចលក់ហ្វ្រេនឆាយកម្មវិធំលំដាប់ពិភពលោកបានរាប់រយលាន$
កម្មវិធីល្បីៗជាច្រើនរបស់Simon Cowell ក៏មាននៅកញ្ជក់ទូរទស្សន៍នៅកម្ពុជាដែរ ដូចជាកម្មវិធី The X Factor ដែលកំពុងតែប្រកួតប្រជែង Cambodia Idol និងកម្មវិធី Cambodia’s Got Talent ដែលបានធ្វើ២ឆ្នាំជាប់ៗគ្នាទាក់ទាញអ្នកទស្សនានៅកម្ពុជារាប់លាននាក់ឲ្យស្គាល់ និងមានអ្នកចូលរួមប្រកួតប្រជែងភ្លូកទឹកភ្លូកដី តែមិនដឹងថានរណាជាម្ចាស់កម្មវិធីកំពូលទាំងបីនេះទេ?
ហើយរឹតតែភ្ញាក់ផ្អើលទៅទៀតនោះ ម្ចាស់កម្មវិធីមួយនេះបានក្លាយជាសេដ្ឋីទូរទស្សន៍ដោយអាចកើបចំណូលរហូតដល់រយលានដុល្លារពីការងាររបស់គាត់ បន្ទាប់ពីចំណាយពេលក្នុងអាជីពនេះជាច្រើនឆ្នាំ ហើយបែកគំនិតចេញលក់កម្មវិធីឲ្យកក្រើកពេញពិភពលោក ដោយបង្កើតឱកាសឲ្យអ្នកមានសមត្ថភាពចេញបង្ហាញមុខមាត់ពិត ហើយបានទាញអ្នកឧបត្ថម្ភឲ្យចាយលុយវាល់លានជាមួយកម្មវិធីលំដាប់អន្តរជាតិនេះ។
បច្ចុប្បន្នផលិតករកម្មវិធីលំដាប់កំពូលរូបនេះ មានទ្រព្យក្នុងដៃជាង៥៧០លានដុល្លារអាមេរិក ក្រោយលក់សិទ្ធកម្មវិធីធំៗ៣ខាងលើ និងធ្វើជាគណៈកម្មការ អ្នកដាក់ពិន្ទុ និងជាអ្នកវិនិច្ឆ័យទៀតផង។ គ្រាន់តែរាប់ត្រួសៗលោកSimon អាចរកចំណូលបាន ពីការថតនេះ និងចូលរួមនៅក្នុងកម្មវិធីធំៗនានាទាំងនៅអាមេរិក និងចក្រភពអង់គ្លេសជាង៧០ គាត់កើបបាន១៥០លានដុល្លារបាត់ទៅហើយ។
គួររម្លឹកពីប្រវត្តិសិក្សាគណៈកម្មការមុខដែកSimonពីក្មេងមកវិញ គាត់បានចូលរៀននៅសាលាត្រៀម Radlett កាលពីគាត់នៅក្មេងប៉ុន្តែមិនចូលចិត្តរៀននោះទេ គាត់ឧស្សាហ៍ទទួលវិន័យ ព្រោះមានបញ្ហាជារឿយៗ។ បន្ទាប់ពីរៀនចប់គាត់បានចូលរៀននៅមហាវិទ្យាល័យធំមួយ តែឈប់រៀនវិញ មកចាប់អាជីពជាផលិតករខ្សែភាពយន្ត និងតន្ត្រី។
Simon Cowell៖“ឧស្សាហ៍ ព្យាយាម និងអត់ធ្មត់ ជាទ័ពស្រួចនៅពេលអ្នករៀនធ្វើអាជីវកម្ម។ រៀនពីរបៀបដើម្បីទទួលយកការរិះគន់។ ធ្វើតាមបេះដូងរបស់អ្នកឲ្យអស់ពីពោះ កុំបន្ធូរដៃឲ្យសោះ៕