រថយន្តឡង់គ្រិស័រឆ្នាំ២០២០ ស្រស់ស្អាតខ្លាំងណាស់មានតម្លៃកប់ក្តោងរហូតដល់ទៅជាង១០ម៉ឺនដុល្លារអាមេរិក
ឆ្នាំនេះ Toyota បានបញ្ចេញឡានលំដាប់លើរបស់ខ្លួនជាមួយកំណែទម្រង់ថ្មីដែលគេហៅថា Land Cruiser Heritage Edition មានសមត្ថភាពនិងកម្លាំងម៉ាស៊ីនមិនធម្មតា ជាមួយមាឌធំមើលទៅមានអំណាចមិនចាញ់ Lexus 570 ប៉ុន្មានទេ ប៉ុន្តែតម្លៃក៏មិនថោកដែរ ។
តម្លៃដែលលេចឮត្រួសៗនៅបរទេសនោះ គឺ៨៩,០៤០ដុល្លារ នេះបើគិតទាំងពន្ធនាំចូលមកស្រុកខ្មែរប្រមាណ ១៣៨% ទៀត វាកាន់តែថ្លៃកប់ក្តោង អ្នកមានលុយល្មមៗមិនហ៊ានប្រាថ្នា។ 2020 Toyota Land Cruiser Heritage Edition មានលក់មិនច្រើនទេ ដោយសារ Toyota បានផលិតវាឡើងយ៉ាងពិសេសនិងមានកំណត់ ដោយមានពីរជម្រើសប៉ុណ្ណោះគឺតួខ្លួនពណ៌ខ្មៅ និងពណ៌គុជខ្យង់។
and Cruiser Heritage Edition នេះមានតម្លៃថ្លៃជាង Land Cruiser ស្តង់ដារ២០០០ ដុល្លារជាង ដោយបំពាក់ជាមួយកង់ស្ព័ររបស់ក្រុមហ៊ុនអាមេរិក BSS តែមផុសខាងមុខឡាន ក្រូម៉េពណ៌ខ្មៅរលោងស្រោបលើកញ្ចក់ឡានសងខាង។
ឡានលំដាប់លើមួយនេះមានម៉ាស៊ីន ៥.៧ លីត្រ កម្លាំងដល់ទៅ ៣៨១ សេះ ៨ ស៊ីឡាំង មាន ៨ លេខ បំពាក់ប្រព័ន្ធ Kinetic Dynamic Suspension ដើម្បីសម្រួលឲ្យកង់ឡានបត់បែនពេលឡើងភ្នំ ឬផ្លូវលំបាកៗ មុខងារ CRAWL control ដែលចេះចាប់ហ្វ្រាំងស្វ័យប្រវត្តិនៅក្នុងការបើកបរផ្លូវលំបាក និយាយរួមទៅឡាននេះរចនាឡើងសម្រាប់ការបើកបរលើផ្លូវលំបាកៗ។
គួរបញ្ជាក់ថា Toyota នឹងដាក់លក់វានៅតាមភ្នាក់ងារចែកចាយនាចុងឆ្នាំនេះក្នុងទីផ្សារសហរដ្ឋអាមេរិក៕