ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទាំងអស់ មន្ត្រីកាំកុងត្រូល ខេត្តឧត្តរមានជ័យ បានបន្តត្រួតពិនិត្យផលិតផល និងចំណីអាហារ ដែលកំពុងតែដាក់លក់របស់ជាប្រចាំថ្ងៃរបស់ក្រុមអាជីវករស្ថិតនៅក្នុងផ្សារថ្មី អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ចំពោះបេសកម្មត្រួតពិនិត្យចំពោះទីតាំងខាងលើនេះ មន្ត្រីជំនាញបានធ្វើតេស្តទៅលើ គ្រឿងឧបភោគបរិភោគ ដែលហួសកាលបរិច្ឆេទ និងគ្រឿងភេសជ្ជៈដែលខូចគុណភាពផ្សេងៗ នៅក្នុងឱកាសនោះ មន្ត្រីសាខាកាំកុងត្រូលខេត្ត បានពិនិត្យឃើញមានកាហ្វេចំនួន៥០សឹបកញ្ចប់តូច និងត្រីខចំនួន១៣កំប៉ុង ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងបានសុំដកហូតទុកកម្ទេចចោលនៅពេលក្រោយ។
ជាមួយគ្នានោះផងដែរ មន្ត្រីកាំកុងត្រូលខេត្ត ក៏បានធ្វើការអប់រំណែនាំបន្ថែម ឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជាធំ និងជាចាំបាច់បំផុត បន្តបន្ទាប់ទៀត។ មន្រ្តីជំនាញសូមឲ្យ បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីទប់ស្កាត់ការនាំចូលផលិតផលខូចគុណភាព ឬក្លែក្លាយ ដែលបង្កដល់ផលប៉ះពាល់ ដល់សុខខុមារភាពបងប្អូន។
បន្ទាប់មក ជាមួយនិងការចុះពិនត្យនេះផងដែរ សមត្ថកិច្ច អាជ្ញាធមូលដ្ឋាន រួមនិងបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវក្តីសប្បាយរីករាយផងដែរ ដែលបានមន្ត្រីជំនាញ ចុះមកពិនិត្យរកមើលទំនិញខូចគុណភាពដោយផ្ទាល់ ដើម្បីគិតគូទៅលើសុខភាពប្រជាពលរដ្ឋយើង៕