បង្ហោះរូបលើកទឹកចិត្ត Wuhan ! តែ Rainie Yang បែរជាត្រូវអ្នកគាំទ្រប្រាប់ឲ្យពាក់ម៉ាស់ឲ្យត្រឹមត្រូវទៅវិញ

Rainie Yang ត្រូវបានមនុស្សភាគច្រើនស្គាល់ថាជា តារាចម្រៀងស្រីតៃវ៉ាន់ដ៏ល្បីឈ្មោះម្នាក់ និងជាតារាស្រីមួយរូបដែលចូលចិត្តលេងស្ដាយ Fashion ឡូកប់ផងដែរ។ ក្រោយពីជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណា ផ្ទុះឡើង មនុស្សជាច្រើនបាននាំគ្នាពាក់ម៉ាស់ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន។

រីឯតារាស្រីរូបនេះ ក៏មិនខុសពីអ្នកដទៃដែរ រូបនាងបានពាក់ម៉ាស់ថែមទាំងថតរូបបង្ហោះក្នុងបណ្ដាញសង្គម អ៊ីនស្ដាក្រាម ក្នុងគោលបំណងដាស់តឿនដល់មនុស្សគ្រប់គ្នា ជាពិសេសអ្នកគាំទ្ររបស់ខ្លួនឲ្យពាក់ម៉ាស់ទាំងអស់គ្នាដើម្បីការពារសុវត្ថិភាព។

អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះ នាងបែរជាធ្វើឲ្យអ្នកគាំទ្រជាច្រើនព្រួយបារម្ភទៅវិញ ក្រោយពីបង្ហោះរូបភាពនោះ ដោយហេតុថា ក្នុងរូបនោះបង្ហាញឲ្យឃើញថា តារាស្រីរូបនេះ ពាក់ម៉ាស់មិនត្រឹមត្រូវដែលអាចធ្វើឲ្យនាងងាយនឹងឆ្លងមេរោគប្រសិនបើពាក់ម៉ាស់របៀបនេះចេញទៅខាងក្រៅ។

មែនទែនទៅ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិប្រាប់ឲ្យតារាស្រីរូបនេះ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងប្រុងប្រយ័ត្ន ដោយផ្នែកខាងក្រោមនៃម៉ាស់មិនត្រូវបានទាញចុះ ខណៈបន្ទះដែកស្ដើងមិនត្រូវបានសង្កត់ទៅលើច្រមុះរបស់នាង។
ក្រោយពីបានឃើញមតិបែបនេះ តារាស្រីរូបនេះក៏បានសម្ដែងការអរគុណទៅកាន់អ្នកគាំទ្រដែលបានជួយណែនាំ និងប្រាប់ថានាងនឹងព្យាយាមធ្វើតាមអ្វីដែលពួកគេបានប្រាប់៕

 

ប្រភព៖ dramapanda

អត្ថបទដោយ៖ ស្រីពេជ្រ