ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងពីមិត្តភាពដ៏គួរឲ្យស្រលាញ់របស់តារាសម្ដែងស្រីល្បី Yoo In Na និងតារាចម្រៀងស្រីតូចច្រលឹង IU រួចមកហើយ ដោយសារតែទំនាក់ទំនងមិត្តភាពរបស់ពួកគេមានភាពរឹងមាំរហូតដល់ធ្វើឲ្យមហាជនលួចច្រណែនថែមទៀតផង។
មែនទែនទៅ មិត្តភក្ដិជិតស្និតមួយគូនេះ តែងតែនៅក្បែរគ្នា លើកទឹកចិត្តគ្នាទៅវិញទៅមកនៅពេលដែលមានបញ្ហា រហូតអាចនិយាយថាទំនាក់ទំនងរបស់ពួកគេដូចជាគ្រួសារតែមួយទៅហើយ។
យ៉ាងណាមិញ នៅក្នុងកម្មវិធីជជែកកម្សាន្ដមួយ តារាសម្ដែងស្រី Yoo In Na ត្រូវបានគេចោទសួរទាក់ទងនឹងគម្រោងរៀបអាពាហ៍ពិពាហ៍របស់នាងនៅថ្ងៃអនាគត ស្រាប់តែតារាស្រីរូបនេះមិនបង្អង់យូរហើយឆ្លើយតបថា “នាងមិនទាន់ចង់រៀបការនៅឡើយ ណាមួយរូបនាងផ្ទាល់ក៏ហាក់ដូចជាមិនចាប់អារម្មណ៍ទាំងអស់នេះ ជាពិសេសនាងធ្លាប់បានសន្យាជាមួយនឹង IU រួចហើយ។ ប្រសិនបើ IU ចង់ធ្វើបែបណា នាងនឹងធ្វើតាម IU បើ IU មិនទាន់រៀបការ នាងក៏មិនទាន់រៀបការដូចគ្នា”។
លើសពីនេះ នៅថ្ងៃបុណ្យនៃក្ដីស្រលាញ់កន្លងទៅកាលពីថ្មីៗ នេះ ពួកគេទាំងពីរក៏បានណាត់គ្នាដើរលេង ថែមទាំងទិញផ្ទះនៅក្បែរគ្នាទៀតផង ដែលបង្ហាញឲ្យឃើញពីចំណងមិត្តភាពដ៏ស្អិតរមួតរបស់ពួកគេ៕
ប្រភព៖ koreaboo
អត្ថបទដោយ៖ ស្រីពេជ្រ