កាលពីជាង ១០ ឆ្នាំ មុន ក្រុមចម្រៀងបុរសតៃវ៉ាន់ Fahrenheit បានធ្វើឲ្យអ្នកគាំទ្រជាច្រើនលង់នឹងសម្រស់ ភាពប៉ិនប្រសប់ និងចម្រៀងរបស់ពួកគេ។ ក្នុងក្រុមនោះក៏មានសមាជិកស្រស់សង្ហារ និងល្បីៗ ជាច្រើនដូចជា Aaron Yan, Jiro Wang, Wu Chun និង Calvin Chen តែក្រោយមកដោយសារសមាជិកនីមួយៗ មានការងាររវល់រៀងៗ ខ្លួន ក្រុមមួយនេះក៏បញ្ឈប់សកម្មភាពនៅកំឡុងឆ្នាំ ២០១២។
កាលពីថ្មីៗ នេះ Aaron Yan ត្រូវបានគេអញ្ជើញចូលក្នុងកម្មវីធី Hua Hua Wan Wu ហើយក៏ត្រូវបានគេចោទសួរថា “តើទំនាក់ទំនងរបស់លោក និងសមាជិកក្រុម Fahrenheit ទៅជាយ៉ាងណាហើយ នៅទាក់ទងគ្នាដែរ ឬទេ?” មិនបង្អង់តារាចម្រៀង និងសម្ដែងប្រុស Aaron Yan ក៏បានឆ្លើយថា “ទេ ពួកយើងមិនដែលបានទាក់ទងគ្នាទេ ហើយជាធម្មតាក៏មិនដែលទាក់ទងគ្នា។ ណាមួយ ខ្ញុំមិនចាំបាច់ត្រូវធ្វើពុតជាមានទំនាក់ទំនងល្អជាមួយពួកគេដែរ ពីព្រោះមិនចង់កុហកអ្នកគាំទ្រ”។ លោកក៏បានបន្ថែមទៀតថា “លោក និងសមាជិកក្រុមដទៃក៏មិនសូវជាមានទំនាក់ទំនងច្រើន ពេលដែលនៅច្រៀងរួមគ្នា វាមានបញ្ហាស្មុគស្មាញច្រើន ប៉ុន្ដែលោកមិនបានស្អប់ពួកគេឡើយ”។
គួររំលឹកផងដែរ នេះមិនមែនជាលើកទី ១ ដែលតារាប្រុសរូបនេះ ហ៊ាននិយាយរឿងក្នុងចិត្តបែបនេះឡើយ កាលពីពេលកន្លងទៅលោកក៏ធ្លាប់បាននិយាយជាសាធារណៈថា លោកជាបុគ្គលម្នាក់ដែលមានចំណាប់អារម្មណ៍ទៅលើភេទដូចគ្នា និងធ្លាប់មានសង្សារជាបុរសផងដែរ៕
អត្ថបទដោយ៖ ស្រីពេជ្រ