ប្រិយមិត្តជាច្រើនដែលគាំទ្ររឿងភាគ កូរ៉េ ជឿជាក់ថា សុទ្ធនិយមតាមដាននូវរឿងភាគរបស់តារាសម្ដែងប្រុសរូបសង្ហារខ្ពស់ស្រឡះ Lee Minho ដោយហេតុថា រឿងភាគ នីមួយៗ របស់លោកសុទ្ធសឹងតែល្អទស្សនា និងទទួលបានការគាំទ្រយ៉ាងសន្ធឹក។
ដោយឡែក តារាប្រុសរូបសង្ហារនេះ បានបាត់មុខពីវិស័យរឿងភាគអស់មួយរយៈធំ ដោយសារតែលោកត្រូវបំពេញកាតព្វកិច្ចជូនជាតិ ចូលបម្រើកងទ័ព ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការនឹករលឹកចំពោះការសម្ដែងរបស់លោកជាខ្លាំង។ អ្វីដែលធ្វើឲ្យអ្នកគាំទ្ររបស់លោកផ្ទាល់ ក៏ដូចជាអ្នកដែលនិយមតាមដានរឿងភាគរំភើបនោះ គឺក្រោយពេលដែលលោកបំពេញកាតព្វជូនជាតិរួចរាល់ជាផ្លូវការ លោកបានទទួលសម្ដែងរឿងថ្មីភ្លាមតែម្ដង ដើម្បីកុំឲ្យ ហ្វេនៗ រង់ចាំយូរ។
កាលពីម្សិលមិញនេះផងដែរ រឿងភាគថ្មីរបស់លោក Lee Minho ដែលមានចំណងជើងថា “The King: Eternal Monarch” បានចេញ Trailer ជាផ្លូវការ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការភ្ងាក់ផ្អើល និងសប្បាយរីករាយជាមួយការវិលត្រលប់មកវិញរបស់លោក។
គួររំលឹកផងដែរថា រឿងភាគថ្មីមួយនេះមានការចូលរួមសម្ដែងពីតារាប្រុសរូបសង្ហារ Lee Minho និងតារាសម្ដែងស្រីរូបស្រស់ Kim GoEun ហើយត្រៀមចាក់បញ្ចាំងជាផ្លូវការនៅខែ មេសា ឆ្នាំ ២០២០ ខាងមុខនេះ៕
តោះទៅទស្សនា Trailer ទាំងពីរបន្ដិចទៅមើល៖
អត្ថបទដោយ៖ ស្រីពេជ្រ