ដូចប្រិយមិត្តបានជ្រាបរួចមកហើយ ក្រោយពីវីរុស Covid-19 រាតត្បាត តារាជាច្រើនមិនថាតែនៅក្នុងប្រទេសចិន តៃវ៉ាន់ ក៏ដូចជាហុងកុង សុទ្ធតែមានពេលទំនេរច្រើន មិនសូវមមាញឹកដូចពីមុន ព្រោះរឿងភាគជាច្រើនត្រូវបានពន្យារពេលថត ខណៈកម្មវិធីមួយចំនួនក៏មិនបានប្រារព្ធឡើង ទើបមិនសូវមានការងារធ្វើ។
កាលពីថ្មីៗ នេះផងដែរ គូស្វាមីភរិយា Goal ដែលមានហ្វេនៗ ជាច្រើនលួចច្រណែន គឺលោក Kevin Cheng និងភរិយា Grace Chan បាននាំកូនប្រុសតូចរបស់ខ្លួនទៅរៀនដើរនៅឯសួនច្បារក្រោយពីទំនេរពីការងារ។ មិនតែប៉ុណ្ណោះ Grace Chan ក៏បានថតរូបបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួនដើម្បីប្រាប់មហាជនពីការធំធាត់របស់កូនប្រុសរបស់ខ្លួនដោយមានភ្ជាប់ជាមួយពាក្យពេច៍ថា “សង្ឃឹមថាអ្នករាល់គ្នាសុទ្ធតែមិនមានបញ្ហាអ្វីជាដុំកំភួន។ ថ្មីៗ នេះពួកយើងយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលយើងនាំ កូនប្រុសចេញក្រៅ ប៉ុន្តែពួកយើងពិតជារំភើបណាស់ដែលគេបានរៀនដើរ! ឪពុកម្តាយគ្រប់រូបច្បាស់ជាដឹងនូវអ្វីដែលខ្ញុំចង់និយាយហើយ”។
គួររំលឹកផងដែរថា ចាប់តាំងពីប្ដី-ប្រពន្ធមួយគូនេះ ចាប់ដៃគ្នាបង្កើតគ្រួសារក្នុងឆ្នាំ ២០១៨ មក អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែម បើទោះជាមានអាយុខុសគ្នាដល់ទៅ ២២ ឆ្នាំក៏ដោយ ជាងនេះទៅទៀត អ្នកទាំងពីរមិនដែលមានពត៌មានរកាំរកូសនឹងគ្នាឡើយ ថែមទាំងបង្កើតបាននូវកូនប្រុសដ៏គួរឲ្យស្រលាញ់មួយផងដែរ៕
អត្ថបទដោយ៖ ស្រីពេជ្រ