អតីត Trainee(អ្នកហ្វឹកហាត់)ជនជាតិចិន វ័យ ២០ ឆ្នាំ ម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៣ ខែ និងពិន័យជាប្រាក់ចំនួន ១០០០០ យ័ន ឬប្រហែល ១៤០០ ដុល្លារ ពីបទក្លែងបន្លំការលក់ម៉ាស់ ក្នុងកំឡុងពេលរីករាល ដាលនៃ COVID-19។ នេះបើយោងតាមប្រពត៌មាន 38jiejie។
ប្រភពពត៌មានដដែលប្រាប់ឲ្យដឹងថា អតីត Trainee រូបនេះមានឈ្មោះ Huang Zhibo និងធ្លាប់បានហ្វឹកហាត់នៅផលិតកម្ម Yuehua Entertainment ក្នុងប្រទេសចិន។ លោក Huang Zhibo បានធ្វើការផ្សព្វផ្សាយលក់ម៉ាស់នៅបណ្ដាញសង្គម WeChat ទាំងដែលគ្មានឥវ៉ាន់សម្រាប់អតិថិជនរបស់ខ្លួន និងបានឆបោកប្រាក់ចំនួន ១១០,០០០ យ័ន ឬប្រហែល ១៦,០០០ ដុល្លារ។
លោកត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ។ កំឡុងពេលជំនុំជំរះក្ដី លោកបានសម្តែងការសោកស្តាយ និងប្រាប់ថា ព្រោះតែគ្មានការងារធ្វើហើយមានសម្ពាធទើបធ្វើបែបនេះ។ រូបលោកក៏បានទទួលកំហុស និងព្រមប្រគល់ប្រាក់ជូនទៅដល់ជនរងគ្រោះវិញផងដែរ។
គួររំលឹកផងដែរថា Yuehua Entertainment ជាផលិតកម្មល្បីឈ្មោះមួយក្នុងប្រទេសចិន និងជាទ្រនំរបស់តារាល្បីៗ ជាច្រើនដូចជា Wang Yibo, Cheng Xiao, Zhou Yixuan, Mei Qi និងផ្សេងៗ ជាច្រើនទៀត៕
អត្ថបទដោយ៖ ស្រីពេជ្រ