អត់ខ្វល់លេងទឹកមុខដាក់ចំៗ! Zhao LiYing ក្ដៅក្រហាយ ព្រោះរឿងតារាសិស្សប្អូនអាងខ្នងធំចាយលុយទិញតួ?

នេះមិនមែនជាលើកទីមួយនោះទេ ដែលរឿងភាគថ្មី ”Legend Of Fei” របស់កំពូលតារាស្រីឆ្នើមប្រទេសចិន Zhao LiYing មានបញ្ហាឡើយ។ កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ តារាសម្ដែងស្រីរូបនេះក៏ ធ្លាប់បានបង្ហោះសារក្នុងបណ្ដាញសង្គម Weibo របស់ខ្លួន ដៀលចំៗ ឲ្យអ្នកដឹកនាំរឿងភាគនេះម្ដងរួចមកហើយ ដោយសារតែបែកគំនិតកែសាច់រឿងដើមរបស់គេពេកស្ទើរទាំងស្រុង។ កាលនោះសូម្បីតែអ្នកនិពន្ធរឿងប្រលោមលោកដើម និងតារាសម្ដែងប្រុសវ័យក្មេង Wang Yibo ដែលជាតួឯកប្រុសក៏សម្ដែងនូវការមិនពេញចិត្តផងដែរ។

ស្រាប់តែកាលពីថ្មីៗ នេះ ក៏មានលេចលឺនូវពត៌មានថា តារាស្រីជើងចាស់រូបនេះ មិនពេញចិត្តនឹងសិស្សប្អូនរបស់ខ្លួន តារាស្រី Zhou Jieqiong ដែលសម្ដែងជាតួរងក្នុងរឿងភាគមួយនេះ ព្រោះអាងមានខ្នងធំចំណាយ​លុយ​ទិញ​តួ។ នេះបើយោងតាមប្រភពពត៌មានចិន Sohu ។

យ៉ាងណាមិញ ប៉ុន្មានថ្ងៃចុងក្រោយនេះក៏មានកម្រងរូបភាពក្រៅឆាកមួយចំនួន បានបែកធ្លាយក្នុងបណ្ដាញសង្គម Weibo ដែលបង្ហាញឲ្យឃើញនូវទឹកមុខសោះកក្រោះ និងមិនសប្បាយចិត្តរបស់តារាសម្ដែងស្រី Zhao LiYing ពេលនៅជិតនឹងតារាសម្ដែងស្រី Zhou Jieqiong។ ខណៈតារាស្រីរូបនេះសើចសប្បាយធម្មតាជាមួយតួសម្ដែងដទៃ ដែលជាហេតុធ្វើឲ្យមានពត៌មានកាន់តែចម្រោងចម្រាស់រវាងគ្នានឹងគ្នា។

មែនទែនទៅ ដំបូងរឿងភាគមួយនេះគ្រោងផលិតតែ ៥០ ភាគប៉ុណ្ណោះ តែក្រោយមកស្រាប់តែក្រុមអ្នកផលិតបានប្រកាសបន្ថែមចំនួន ៨ ភាគទៀត ដែលជាហេតុធ្វើឲ្យហ្វេនៗ ជឿជាក់ថា តារាស្រី Zhou Jieqiong ពិតជាលេងខូច លួចស៊កលុយពីក្រោយដើម្បីកែសាច់រឿងដើមឲ្យនាងមានឈុតសម្ដែងច្រើន ជាពិសេសមានឈុតស្និតស្នាលខ្លាំងជាមួយតួប្រុស និងកាន់តែឆាប់មានឈ្មោះល្បី។

គួររំលឹកផងដែរថា រឿងភាគមួយនេះទើបតែចាប់ផ្ដើមថតវិញនោះទេ ក្រោយឈប់សម្រាកមួយរយៈព្រោះការរីករាលដាលនៃ កូវីដ១៩ ហើយគ្រោងនឹងចាក់ផ្សាយនៅចុងឆ្នាំ ២០២០ នៅលើវេសាយ Tencent និងបុស្ដិ៍ទូរទស្សន៍ Hunan Tv៕

 

ប្រភព៖ Weibo

អត្ថបទដោយ៖ ស្រីពេជ្រ