ត្រឹមមួយប៉ប្រិចភ្នែកសោះ តារាចម្រៀងស្រី Kpop Goo Hara បានទទួលមរណៈភាពជិត ៥ ខែ ប៉ុន្ដែរឿងរ៉ាវរបស់នាងនៅតែមិនទាន់ស្ងប់ពីពិភពសិល្បះ ព្រោះថាមានរឿងស្មុគស្មាញជាច្រើន ជាពិសេសគឺពាក់ព័ន្ធនឹងម្ដាយបង្កើតរបស់នាងផ្ទាល់តែម្ដង។ កាលពីថ្មីៗ កន្លងទៅនេះ ក៏បានបែកធ្លាយពត៌មានមួយផ្សេងទៀត ដែលបានប្រាប់ឲ្យដឹងថា មុនស្លាប់ នាងធ្លាប់បានស្នើសុំសាច់ញាតិម្នាក់ (លោកពូ) ជួយនាងឲ្យបានជួបម្ដាយរបស់ខ្លួន ព្រោះនឹករលឹកពេក បន្ទាប់ពីបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ តែត្រូវរក្សាវាជារឿងអាថ៍កំបាំង។ មូលហេតុមួយផ្សេងទៀត ដែលនាងចង់ជួបម្ដាយរបស់ខ្លួន ព្រោះគ្រូពេទ្យចិត្តសាស្រ្ត ធ្លាប់បានណែនាំថាការជួបមុខ និងប្រាស្រ័យទាក់ទងរវាងម្ដាយ ហើយនិងកូន អាចជួយឲ្យស្ថានភាពផ្លូវចិត្តរបស់នាងអាចត្រលប់មកជាល្អប្រសើរ។
ប៉ុន្តែវាផ្ទុយស្រលះ ការជួបម្ដាយនាង មិនបានធ្វើឲ្យស្ថានភាពនាងប្រសើរទេមានតែលើសដើម។ ថ្វីបើនាងមិនបានបញ្ជាក់ប្រាប់ច្បាស់ថាមានរឿងអ្វីឲ្យប្រាកដកំឡុងពេលនោះ តែបងប្រុសរបស់ Hara លោក Goo Ho In បានរៀបរាប់ថា “Hara បានប្រាប់ នាងពិតជាមិនគួរទៅជួបម្តាយរបស់នាងឡើយ។ នាងធំដឹងក្ដីដោយគ្មានសេចក្តីស្រលាញ់ពីម្តាយ ដូច្នេះនៅពេលដែលបានជួបគ្នា ដូចជាអ្នកដទៃអញ្ចឹង”។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នបងប្រុសរបស់ Hara កំពុងប្ដឹងទាមទារ និងថែរក្សាទ្រព្យសម្បត្តិរបស់ Hara ព្រោះម្ដាយបង្កើតដែលដាច់ចិត្តចុះចោលបងប្អូនមួយគូនេះ ឥតស្រណោះតាំងពីពួកគេនៅតូចៗ បែរជាត្រលប់មកវិញចង់លេបយកទ្រព្យសម្បត្តិរបស់កូនស្រីខ្លួនដោយគ្មានរអៀសចិត្ត៕
ប្រភព៖ allkpop
អត្ថបទដោយ៖ ស្រីពេជ្រ