ថ្វីបើតារាស្រីលំដាប់ A របស់ប្រទេសចិន Angelababy និងស្វាមីលោក Huang XiaoMing តែងតែមានពាក្យចចាមអារ៉ាមមិនឈប់ឈរពីការបែកប្រេះឆានៃចំណងស្នេហារបស់អ្នកពីរយ៉ាងណាក្ដីតែ ប្ដី ប្រពន្ធមួយគូនេះ នៅតែបង្ហាញពីភាពស្អិតរមួតជាមួយគ្នានៅលើបណ្ដាញសង្គម Weibo ដែលជាហេតុធ្វើឲ្យមហាជនជ្រះនូវមន្ទិលសង្ស័យពីការលះលែងគ្នារបស់អ្នកទាំងពីរ។
យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ លោក Huang XiaoMing បានលួចបង្ហើបប្រាប់ពីមូលហេតុដែលតារាស្រីរូបស្រស់ Angelababy ព្រមរៀបការជាមួយលោក។ លោកបានលើកឡើងថា ភរិយារបស់ខ្លួនធ្លាប់បានចោទសួរលោកថា “មានដឹងអត់ហេតុអ្វី បានជានាងព្រមរៀបការជាមួយលោក?”
មែនទែនទៅ ចម្លើយរបស់តារាស្រីរូបនេះពិតជាធ្វើឲ្យ លោកភ្ងាក់ផ្អើលព្រោះ Angelababy បានប្រាប់ថា “នាងសម្រេចចិត្តជ្រើសយក លោកជាដៃគូជីវិតដោយសារ នាងស្រលាញ់នូវអត្តចរិករបស់លោក មិនមែនដោយសារតែទ្រព្យសម្បត្ត ឬកេរ្ដិ៍ឈ្មោះអ្វីនោះទេ។ ម៉្យាងទៀត នាងមើលឃើញថា លោកមានចរិកកាត់ទៅរកឳពុករបស់ខ្លួន ពោលជាមនុស្សចេះយកចិត្តទុកដាក់ កក់ក្ដៅ និងមើលថែទាំងមនុស្សនៅជុំវិញខ្លួនបានយ៉ាងល្អ”។
គួររំលឹកផងដែរថា ប្ដី ប្រពន្ធមួយគូនេះ បានរៀបការក្នុងឆ្នាំ ២០១៥ ហើយពេលនេះពួកគេមានចំណងដៃកូនប្រុសមួយ៕
ប្រភព៖ 8days.sg
អត្ថបទដោយ៖ ស្រីពេជ្រ