រឿង “និស្ស័យស្នេហ៍ទេវតាបីជាតិ វគ្គ ២” លេងចប់មិនទាន់បានប៉ុន្មានផង! ឥលូវមានគម្រោងចេញ វគ្គ ៣ ទៀត?

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា រឿងភាគ “និស្ស័យស្នេហ៍ទេវតាបីជាតិ” គឺជារឿងព្រេងនិទានស្នេហារបស់ចិន ដែលមានប្រជាប្រិយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស។ រំលឹកទៅឆ្នាំ ២០១៧ នៅពេលរឿងភាគ “Three Lives, Three Worlds: Ten miles of Peach Blossom” ឬ “Eternal Love” ដែលមានការចូលរួមសម្ដែងដោយកំពូលតារាសម្ដែងស្រី YangMi និងតារាសម្ដែងប្រុស Mark Chao បានចាក់ជាផ្លូវការដំបូង ពិតជាទទួលបានជោគជ័យយ៉ាងខ្លាំង និងបំបែកកំណត់ត្រាជាច្រើន។

ក្រោយមកក្នុងឆ្នាំ ២០២០ រឿងខ្សែស្រឡាយមួយទៀតដែលមានចំណងជើងថា  “Three Lives, Three Worlds: The Pillow Book” ឬ “Eternal Love of Dream”  ដែលចូលរួមសម្ដែងដោយតារាសម្ដែងស្រី Dilraba និងតារាសម្ដែងប្រុស Gao WeiGuang ក៏បានចាក់ផ្សាយជាផ្លូវការ ហើយទទួលបានការគាំទ្រខ្លាំងគួរសមផងដែរ នោះទើបធ្វើឲ្យហ្វេនៗ ជាច្រើនពិតជាមិនអស់អាល័យ ហើយសង្ឃឹមថានឹងមានវគ្គបន្ដដែលផ្ដោតទៅលើតួអង្គផ្សេងៗ ទៀតក្នុងរឿងភាគនេះ។

After Footer (Active) - damrei Mr1 Zone2

ស្រាប់តែកាលពីថ្មីៗ នេះ មានលេចលឺពត៌មានថា រឿងភាគមួយនេះគ្រោងនឹងចេញវគ្គ ៣ បន្ដ ដែលនឹងដកស្រង់ចេញពីប្រលោមលោក “Three Lives, Three Worlds: White Twilight Tears” បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់រឿងភាគមួយនេះ នាំគ្នាចែកចាយតៗ ពាសពេញបណ្ដាញសង្គម Weibo។ ចំពោះសាច់រឿង វគ្គ ៣ នឹងមានចំនួន ៥២ ភាគ ហើយផ្ដោតទៅលើតួអង្គ BaiZhen និង Zhe Yan ដែលជាតួអង្គប្រុសសំខាន់ពីររូបក្នុងរឿងព្រេងនិទានមួយនេះ ដែលមានប្រជាប្រិយភាពខ្លាំងមិនធម្មតាព្រោះតែចំណងមិត្តភាពដ៏ស្អិតរមួតរបស់អ្នកទាំងពីរ។

ក្នុងនោះផងដែរ តារាសម្ដែងប្រុស Alan Yu ដែលសម្ដែងជាតួអង្គ BaiZhen កាលពីវគ្គ ១ ត្រូវគេជឿជាក់ថាអាចនឹងសម្ដែងជាតួអង្គ BaiZhen ម្ដងទៀតក្នុងរឿងភាគថ្មីនេះ ខណៈតារាសម្ដែងប្រុស Leo Wu អាចនឹងសម្ដែងជាតួអង្គ Zhe Yan។ ស្របពេលជាមួយគ្នានេះ ​ តារាសម្ដែងស្រី Zhu Xudan ក៏អាចនឹងមានវត្តមានចូលរួមសម្ដែងក្នុងរឿងភាគមួយនេះផងដែរ។

តែទោះយ៉ាងណាក្ដីអ្នកគាំទ្រជាច្រើននៅតែសង្ឃឹមថា តារាសម្ដែងប្រុស Baron Chen និង តារាសម្ដែងប្រុស Huang JunJie ដែលសម្ដែងជាតួ BaiZhen និង Zhe Yan កាលពីវគ្គ ២ នឹងមានឱកាសម្ដែងជាតួអង្គដដែលក្នុង វគ្គ ៣ ។ យ៉ាងណាមិញ មានតែរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ ថាតើតារាសម្ដែង ប្រុស ស្រី រូបណាខ្លះដែលនឹងចូលរួមសម្ដែងក្នុង​វគ្គ ៣ នេះ៕

 

ប្រភព៖ HK01​​

អត្ថបទដោយ៖ ស្រីពេជ្រ