ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា បន្ទាប់ពីសម្ដែងរឿងភាគដ៏ល្បី “The Untamed” កាលពីឆ្នាំ ២០១៩ រួចមកជាមួយតារាសម្ដែងប្រុស Wang Yibo ប្រជាប្រិយរបស់តារាសម្ដែងប្រុស XiaoZhan គឺកើនឡើងស្រើតៗ ជាលំដាប់គ្មានស្រកចុះសូម្បីតែបន្ដិច និងបន្ដរក្សាតំណែងលេខ ១ ក្នុងបញ្ជីកំពូលតារាសម្ដែងដែលមានប្រជាប្រិយភាពអស់រយៈពេលជាង ១០ ខែជាប់ៗ គ្នា។ មិនតែប៉ុណ្ណោះ តារាសម្ដែងប្រុសរូបនេះ ក៏ទទួលបានស្បតពាណិជ្ជកម្មថតឥតដាច់ជាបន្ដបន្ទាប់ផងដែរ។
មែនទែនទៅ ចាប់តាំងពីកំឡុងខែ កុម្ភះ មក ដោយសារតែបញ្ហាស្មុគស្មាញមួយចំនួន ស្របពេលដែលកូវីដ១៩ រីករាលដាលផងនោះ ទើបធ្វើតារាប្រុសរូបសង្ហារវ័យ ២៨ ឆ្នាំ រូបនេះ បានផ្អាកសកម្មភាពរបស់ខ្លួនទាំងអស់ ដែលជាហេតុធ្វើឲ្យហ្វេនៗ មានការព្រួយបារម្មណ៍ចំពោះលោកជាខ្លាំង។ ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុន Xiao Zhan បានបង្ហោះរូបភាពផ្កាមួយសន្លឹក ក្នុងបណ្ដាញសង្គម Weibo របស់ខ្លួន អ្វីដែលគួរឲ្យភ្ងាក់ផ្អើលត្រឹមរយៈពេលដ៏ខ្លីបែរជាមានអ្នកចុច Like រហូតដល់ជាង ១២ លាននាក់ ហើយមានអ្នកចែកចាយជាបន្ដបន្ទាប់រាប់លាននាក់ ដែលនេះបង្ហាញឲ្យឃើញពីប្រជាប្រិយភាពខ្លាំងសម្បើម និងក្ដីនឹករំលឹករបស់អ្នកគាំទ្រទៅកាន់តារាសម្ដែងប្រុសរូបនេះ។
គួររំលឹងផងដែរថា កាលពីខែ មករា ឆ្នាំ២០២០ កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់ “Weibo King” ដែលជាពានរង្វាន់សម្រាប់តារាដែលមានប្រជាប្រិយភាពខ្លាំង និងមានឥទ្ធិពលបំផុតក្នុងបណ្ដាញសង្គម Weibo របស់ប្រទេសចិន៕
អត្ថបទដោយ៖ ស្រីពេជ្រ