ចិត្តល្អមិនប្រកាន់រឿងអ្នកចែកចាយពត៌មានមិនពិត Fan BingBing ត្រៀមដកពាក្យបណ្ដឹង! ស្រាប់តែអ្នកគាំទ្រនាងធ្វើបែបនេះ
ជាការពិតណាស់ ការដាក់ពាក្យបណ្ដឹងប្ដឹងដល់អ្នកដែលចែកចាយពត៌មានមិនពិតប្រមាថមើលងាយក្នុងលក្ខណៈបរិហាកេរ្ដិ៍ចំពោះតារាចិនវាមិនមែនជារឿងដែលប្លែកនោះទេ ព្រោះកាលពីពេលកន្លងទៅមានតារាសម្ដែងចិនជាច្រើនបានធ្វើរួចមកហើយ ដូចជាតារាសម្ដែងប្រុស DengLun, Luo YunXi, Wang Yibo , YangZi និង Zhang YiXing ជាដើម។
មែនទែនទៅ តារាសម្ដែងលំដាប់កំពូល Fan BingBing ក៏បានជួបនឹងបញ្ហាចាក់ស្ដ្រេសនេះផងដែរ ព្រោះចាប់តាំងពីមានរឿងអាស្រូវគេចពន្ធក្នុងឆ្នាំ ២០១៨ មកជីវិតរបស់តារាស្រីរូបនេះគឺពិតជានៅមិនបានសុខឡើយ ដោយសារមានពាក្យចចាមអារ៉ាមពីមាត់មួយទៅមួយ និយាយបែបផ្លែផ្កា និងចែកចាយពត៌មានមិនពិតដើម្បីជាន់ពន្លិចរូបនាងឲ្យធ្លាក់ខ្លួនលើសដើម។ កាលពីថ្មីនេះៗ ផងដែរ ក៏លេចលឺពត៌មានថា តារាស្រីរូបនេះ និងផលិតកម្មបានរៀបចំពាក្យបណ្ដឹងដើម្បីប្ដឹងដល់ជនខិលខូចមួយចំនួនដែលបរិហាកេរ្ដិ៍ប្រមាថមើលងាយនាងលក្ខណៈទ្រង់ទ្រាយធំ។ ប៉ុន្ដែក្រោយមកតារាស្រីវ័យ ៣៩ ឆ្នាំរូបនេះ ក៏ចិត្តទន់មិនប្រកាន់ទោស ព្រោះក្នុងចំណោមអ្នកដែលបរិហាកេរ្ដិ៍នោះបានចេញមុខសុំទោសជាផ្លូវការតាមរយៈបណ្ដាញសង្គម។
អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះ អ្នកគាំទ្រជាង ៧៤ ម៉ឺននាក់ក្នុង Fans Club របស់នាង បានចេញមុខការពារ និងបង្ហោះសារចំៗ មិនទទួលយកសំណើរសុំទោសរបស់ជនខិលខូចទាំងនោះឡើយ ព្រោះដោយសារតែពាក្យមួលបង្កាច់ទាំងអស់នេះ តារាសម្ដែងស្រីជើងចាស់រូបនេះរងទុក្ខមិនស្ទើរនោះទេ។ ពួកគេថែមទាំងសុំឲ្យ Fan Bing Bing ពិចារណាឡើងវិញក្នុងការដកពាក្យបណ្ដឹង ព្រោះបើចិត្តទន់រូបនាងនឹងត្រូវជួបរឿងបែបនេះម្ដងទៀតជាមិនខាន៕
អត្ថបទដោយ៖ ស្រីពេជ្រ