កាលពីថ្ងៃទី ១៤ ខែ មេសា កន្លងទៅនេះ ក្រុមអ្នកផលិតរឿងភាគបុរាណ “Zhu Yan” បានប្រកាសជាផ្លូវការថា រឿងភាគដែលដកស្រង់ចេញពីប្រលោមលោកល្បីមួយនេះនឹងចាប់ផ្ដើមក្រុងពាលីបើកកាម៉េរាថតនៅខែ មិថុនា ខាងមុន។ ប៉ុន្ដែក្រុមអ្នកផលិតមិនបានបង្ហើបប្រាប់ពីតារា ប្រុស ស្រី ដែលនឹងចូលខ្លួនមកសម្ដែងក្នុងរឿងភាគថ្មីនេះឡើយ គ្រាន់តែបង្ហោះផ្ទាំងរូបភាព Poster មួយប៉ុណ្ណោះ។
ជាមួយគ្នាផងដែរ រូបភាពមួយនេះបានធ្វើឲ្យមានការភ្ងាក់ផ្អើលដល់ហ្វេនៗ ជាច្រើនក្នុងបណ្ដាញសង្គមព្រោះថា វាមើលទៅដូចជាប្រហែលៗ ទៅនឹងតារាប្រុស ស្រី មួយគូ។ ក្រោយមក រឿងភាគមួយនេះក៏បានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គម Weibo ដោយហេតុថា អ្នកគាំទ្របានសង្ស័យថា Yang Yang និង Zheng Shuang ដែលជាតួឯកក្នុងរឿងភាគល្បី “Love O2O” នឹងត្រូវជ្រើសសម្ដែងជាតួឯកក្នុងរឿងភាគមួយនេះ។
មែនទែន ផ្ទាំងរូបភាពមនុស្សតុក្កតាក្នុង Poster នេះ មានរូបរាងស្ទើរតែដូចទាំងស្រុងទៅនឹងរូបភាពរបស់ Zheng Shuang និង YangYang កំឡុងកាលពីពេលដែលពួកគេសម្ដែងក្នុងរឿង “Love O2O” បែបនេះហើយទើប ហ្វេនៗ ជឿជាក់យ៉ាងមុតមាំថា តារាប្រុស ស្រី មួយគូនឹងត្រៀមចាប់ដៃគ្នាត្រលប់មកបម្រើអារម្មណ៍ទស្សនិកជនក្នុងរឿងភាគថ្មី៕
តើប្រិយមិត្តអ្នកគាំទ្ររឿង Love O2O យល់យ៉ាងណាដែរ?
អត្ថបទដោយ៖ ស្រីពេជ្រ