កាលស្ដាប់បទចម្រៀងរហូតដល់ស្រក់ទឹកភ្នែកមិនមែនជារឿងដែលចម្លែកនោះទេ ព្រោះថាពេលខ្លះបទចម្រៀងវាលន្លោចលន្លង់ពេក ខណៈត្រូវសាច់រឿងរបស់ខ្លួនផងដូច្នេះក៏យំតែម្ដងទៅ ។ ប៉ុន្ដែសម្រាប់ IU តួឯកស្រីរឿង Hotel De Luna ដែលជាតារាចម្រៀងស្រីល្បីថាមានភាពរឹងមាំ បែរជាសារភាពថាខ្លួនធ្លាប់ស្ដាប់បទចម្រៀងរបស់តារាប្រុសម្នាក់នេះរហូតដល់យំទៅវិញ។
បើយោងតាមការលើកឡើងដោយផ្ទាល់របស់តារាចម្រៀងស្រីវ័យ ២៧ ឆ្នាំ រូបនេះ ក្នុងកម្មវិធី Jung Eunji’s Gayo Plaza របស់វិទ្យុ KBS Cool FM កាលពីថ្ងៃទី១៣ ខែ មេសា បានប្រាប់យ៉ាងដូច្នេះថា៖ « បទ That’s Okay របស់ D.O សមាជិកក្រុម EXO ជាបទនាងស្រឡាញ់ ហើយនាងក៏បានយំនៅពេលដែលស្ដាប់ផងដែរ ចាប់តាំងពីចូលធ្វើជាអ្នកហ្វឹកហាត់ និងកា្លយជាអ្នកចម្រៀងមកនាងមិនដែលស្រក់ទឹកភ្នែកដោយសារបទចម្រៀងឡើយ»។
គួររំលឹកផងដែរ បទចម្រៀង That’s Okay របស់ D.O បានចេញកាលពីឆ្នាំ ២០១៩ ចំពេលដែលតារាចម្រៀងប្រុសរូបនេះ ត្រូវចេញទៅបំពេញកាតព្វកិច្ចបំរើកងទ័ពជូនជាតិ។ ចំពោះអត្ថន័យបទនេះ គឺចង់លើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នាកុំគិតច្រើនពេក ព្រោះមិនថាអ្នកជួបឧបសគ្គ ឬទុកលំបាកអ្វីក៏ដោយ យូរទៅពេលវេលានឹងជាអ្នកព្យាបាលវា៕
អត្ថបទដោយ៖ ស្រីពេជ្រ