ប្រិយមិត្តដែលនិយមតាមដានរឿងភាគកូរ៉េច្បាស់ជាបានជ្រាបច្បាស់ហើយថា ប្រទេសមួយនេះតែងតែផលិតរឿងភាគដែលមានគុណភាពល្អៗ ហើយភាគច្រើនជារឿង មនោសញ្ចេតនារវាងមនុស្សប្រុស និងស្រី ដែលទស្សនាហើយអត់ទ្រាំមិនសរសើរមិនបាន។
អ្វីដែលគួរឲ្យភ្ងាក់ផ្អើលសម្រាប់ប្រទេសមួយនេះ គឺពួកគេបានប្រកាសពីរឿងភាគប្រភេទ Boy x Boy ឬ BoyLove (ស្នេហារវាងមនុស្សប្រុស និងប្រុស) ជាលើកដំបូងរបស់ខ្លួនដែលត្រៀមនឹងចាក់ផ្សាយនៅថ្ងៃទី ២២ ខែ ឧសភា ខាងមុខនេះ ក្នុងប្រទេសចិន និងកូរ៉េ។ សម្រាប់រឿងភាគដែលមានចំណងជើង “The Place Where Your Gaze Is” នឹងមានការចូលរួមសម្ដែងពីអតីតបេក្ខភាព Produce 101 X លោក Han Gi Chan និងតារាសម្ដែងប្រុស Jang Eui Soo ។
គួររំលឹកផងដែរ ថ្វីបើស្នេហារវាងមនុស្សប្រុស និងប្រុស វាជារឿងខុសធម្មជាតិ ប៉ុន្ដែប្រភេទរឿងបែបនេះគឺកំពុងមានសន្ទុះអ្នកគាំទ្រខ្លាំងនៅជុំវិញពិភពលោក ហើយក៏មានប្រទេសជាច្រើនបានផលិតវារួចមកហើយ។ ជាក់ស្ដែង ដូចជាប្រទេស ថៃ វៀតណាម ជប៉ុន តៃវ៉ាន់ តំបន់បែកអ៊ឺរុប ជាដើម។ រីឯប្រទេសចិនក៏ផលិតរឿងប្រភេទ BoyLove ដែលដកស្រង់ចេញពីប្រលោមលោកជាច្រើនផងដែរ ប៉ុន្ដែដោយសារប្រទេសមួយនេះមានច្បាប់តឹងរឹងទៅលើការស្រលាញ់ភេទដូចគ្នា បែបនេះរឿងទាំងអស់ដែលផលិតឡើងត្រូវផ្លាស់ប្ដូរទៅជាចំណងមិត្តភាពវិញ៕
អត្ថបទដោយ៖ ស្រីពេជ្រ