លី ឧត្តម ទោះស្ងាត់ពីសិល្បៈក៏ដោយនៅតែសង្ហានិងត្រៀមមុខរបបរកស៊ីធំមួយទៀត

ក្រោយស្ងាត់ជិតរយៈពេលមួយឆ្នាំហើយដែលតារាសម្តែងកូនកាត់ឥណ្ឌា លោក លី ឧត្តម បានបាត់មុខពីការងារសិល្បៈ តែពេលនេះតារារូបនេះទម្លាយឱ្យដឹងពីជិវិតពិតដែលកំពុង មមាញឹកត្រៀមនឹងការងារមុខជំនួញមួយដែលនឹងបើកដំណើរការទ្រង់ទ្រាយធំនៅពេលឆាប់ៗនេះ។

ប៉ុន្តែចាប់តាំងពីចុងឆ្នាំ២០១៩មក តារាសម្តែង លី ឧត្តម បានបាត់មុខឈឹងពីការងារសិល្បៈរហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនឆ្ងល់និងនឹកគិតថាតារារូបនេះអាចបញ្ចប់អាជីពសិល្បៈទាំងស្រុង។

ទោះជាយ៉ាងណាតារារូបនេះបញ្ជាក់ថា លោកថាហាងលក់ផលិតផលថែរក្សាសម្រស់ថ្មីមួយនឹងបើកដំណើរការក្នុងពេលដ៏ខ្លី ទើបលោកត្រូវចុះពិនិត្យមើលជាប្រចាំ ទើបមិនមានពេលគ្រប់គ្រាន់។ លោកមិនបានបញ្ជាក់ពីចំនួនទុនបើកដំណើរការងារនេះទេ ប៉ុន្តែលោកលើកឡើងថាជាមុខរបរដែលលោកពេញចិត្ត និងបានដាក់ចិត្តដាក់កាយបើកមុខរបរមួយនេះ ក្រោយពីទទួលបានការគាំទ្រច្រើនពីអតិថិជន។

លោកបាននិយាយទៀតថា មិនបោះបង់ការងារសិល្បៈដែលខ្លួនឯងស្រលាញ់នោះទេ ហើយលោកនឹងវិលរកការងារនេះជាថ្មីក្រោយជំងឺកូវីដ១៩ បានបញ្ចប់ និងក្រោយពេលដែលការងារហាងត្រូវបានរួចរាល់។

លោកក៏សូមបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព រក្សាអនាម័យស្អាត រស់នៅស្អាត ប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរាតត្បាត និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្រាប់ឆ្នាំ២០២០នេះ លោកក៏គ្រោងរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំជួបជុំអ្នកសិល្បៈមួយចំនួនផងដែរ ដើម្បីបង្កើនភាពស្និទ្ធស្នាល ទំនាក់ទំនង កាន់តែល្អប្រសើរផងដែរ៕