តួឯកប្រុសម្នាក់ធ្លាប់សម្ដែងជាមួយ Zhao Li Ying ស្ទើរតែនឹងបាត់បងជីវិតដោយសារតែ..

ប្រិយមិត្តដែលនិយមតាមដានរឿងភាគរបស់អ្នកម្ដាយកូនមួយ Zhao LiYing ជឿជាក់ថាប្រហែលជាធ្លាប់បានស្គាល់នូវតារាសម្ដែងប្រុសលោក Jin Han រួចមកហើយ​​​ ព្រោះថាកម្លោះសង្ហារមានទេពកោសល្យដ៏ប៉ិនប្រសប់រូបនេះ ធ្លាប់បានលេចមុខសម្ដែងក្នុងរឿងភាគជាមួយ Zhao LiYing ដល់ទៅ ២ រឿងឯណោះគឺ “Princess Agents” និង “Ours Glamorous Times”។ជាមួយគ្នានេះផងដែរ កាលពីម្សិលមិញថ្ងៃទី ២២ ខែ មេសា តារាសម្ដែងប្រុសរូបនេះក៏ត្រូវបានរាយការណ៍ថា ជួបគ្រោះធំស្ទើរតែអស់ជីវិតដោយសារជិះទូកហើយជួបនឹងព្យុះធំនៅឯតំបន់មាត់សមុទ្រមួយ។ នេះបើយោងតាមប្រភពពត៌មានចិន Sina។

ទន្ទឹមនឹងនេះ តារាសម្ដែងប្រុសវ័យ ២៧ ឆ្នាំរូបនេះគ៏បានបង្ហោះនូវវីដេអូរៀបរាប់ពីហេតុការណ៍ដែលបានកើតឡើងនៅលើបណ្ដាញសង្គម Weibo របស់ខ្លួនប្រាប់ទៅកាន់មហាជនយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំបានរួចផុតពីសេចក្ដីស្លាប់ហើយរស់សារជាថ្មី។ ពេលដែលខ្ញុំទៅជិះទូកលេង បែរជាសំណាងអាក្រក់ជួបខ្យល់ព្យុះយ៉ាងខ្លាំង ពេលនោះខ្ញុំក៏សម្រេចចិត្តតោងក្ដារហើយហែលមកច្រាំងវិញ ភ្លៀងធ្លាក់ក៏ខ្លាំង ប៉ុន្ដែខ្ញុំបានដាស់តឿនខ្លួនឯងថា ខ្ញុំមិនអាចស្លាប់បាននោះទេ ដូច្នេះខ្ញុំក៏ខំប្រឹងហែលរហូតមកដល់ច្រាំងដោយសុវត្ថិភាព ដែលជាវាជារឿងស្ទើរមិនគួរឲ្យជឿមួយ»។

ក្រោយពីបានឃើញបែបនេះ ក៏មានមហាជនជាច្រើន ពិសេសអ្នកគាំទ្ររបស់លោកផ្ទាល់បានបញ្ចេញមតិលើកទឹកចិត្ត និងដាស់តឿនឲ្យលោកមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលដែលធ្វើអ្វីក៏ដោយ ព្រោះលោកមិនមែនអង្គុយតែមានសំណាងរួចផុតពីសេចក្ដីស្លាប់នោះទេ៕

អត្ថបទដោយ៖ ​ស្រីពេជ្រ