ក្រោយវិលត្រឡប់មកសិល្បៈដោយភាពរឹងមាំវិញ តារាសម្តែងកញ្ញា សួង ស៊ីធឿន បានបង្ហាញខ្លួនដោយគ្រងឈុតជានាងទេពមច្ឆា យ៉ាងស្រស់ស្អាត ខណៈធ្លាប់តែឃើញនាងជាតារាស្រីទាន់សម័យនិងសិចស៊ី ។
កាលពីថ្មីៗនេះរូបថតបង្ហាញតារាសម្តែងល្បីកញ្ញា សួង ស៊ីធឿន ក្នុងឈុតជាទេពមច្ឆា អមដោយហនុមា ត្រូវបានមហាជនសរសើររូបនាង ដែលពិតជាសាមសមនិងស្រស់ស្អាត ក្នុងឈុតបុរាណបែបបនេះ លើបណ្តាញសង្គមហ្វេសប៊ុក។ ជាមួយគ្នានាងបង្ហោះសារដោយមានអត្ថន័យធ្វើមហាជនពេញចិត្តនិងគាំទ្រគំនិតថែវប្បធម៌មួយនេះ។
តារាស្រីរូបនេះបានរៀបរាប់ថា “ឈុតសម្លៀកបំពាក់បុរាណបែបច្នៃប្រឌិតក្នុងទម្រង់សិល្បៈខ្មែរទម្រង់ដែលស្ទើរតែបាត់បង់ទៅហើយ ។ នេះជាស្នាដៃបង្កើតថ្មីរបស់កូនខ្មែរក្នុងគោលបំណងបង្ហាញនូវវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរតាំងពីសម័យមុនមក។ ឈុតនេះដែរត្រូវបានលើកយកហនុមាន និង សុវណ្ណមច្ឆាគឺជាជាតួអង្គក្នុងរឿងរាមកេរ្តិ៍ខ្មែរ ដែលជាអក្សរសិល្ប៍ដ៏ចំណាស់មួយ មិនតែប៉ុណ្ណោះយើបានសិក្សាឡើងដោយយកលំនាំនៃគំនូរបុរាណខ្មែរដែលមាននៅក្នុងព្រះបុរមរាជវាំងជាដើម។ សូមធ្វើការជួយលើកទឹកចិត្តដើម្បីជាកម្លាំងចិត្តក្នុងការថែរក្សានូវវប្បធម៌ដ៏អស្ចារ្យមួយនេះ ទោះបីយើងដើរយឺត តែយើងមិនឈប់ឡើយ” ។
សូមបញ្ជាក់ថា ក្រោយវិលត្រឡប់ចូលសិល្បៈកាលពីចុងឆ្នាំ២០១៩កន្លងមកនេះ នាងក៏ទទួលការងារសម្តែងឱ្យផលិតកម្ម ក្រុងពិជ័យ ដោយដើរតួរក្នុងរឿងថ្មី “សំណើច៦៥២គីឡូម៉ែត្រ” ហើយរឿងនេះនឹងត្រៀមចាក់បញ្ចាំងក្នុងឆ្នាំ២០២០។ នាងកាន់តែរឹងមាំនិងទទួលការងារសិល្បៈដូចធម្មតាវិញ ក្រោយជួបរឿងអកុសលក្នុងឆាកជីវិតដោយបាត់បង់គូស្នេហ៍ដែលត្រៀមនឹងរៀបការជាមួយគ្នាដែលសល់តែ២ខែទៀត កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ដោយសារគ្រោះថ្នាក់ចរាចរណ៍។
សូមរំលឹកផងដែរថា កញ្ញា សួង ស៊ីធឿន ជាអតីត Freshie Girl 2016 ដោយផ្តើមការងារសិល្បៈដំបូងប្រមាណជាជិតមួយឆ្នាំ កញ្ញាសុំត្រឹមតែថតអាចលេចវត្តមានតាមកញ្ចក់ទូរទស្សន៍ ឬក្នុងភាពយន្តណាមួយប៉ុណ្ណោះ មិនប្រាថ្នាប្រាក់កម្រៃនោះទេ។ តែយ៉ាងណា អាចថាជាឱកាស ឬសំណាងក៏ថាបាន ដែលនាងអាចក្លាយជាតួឯកក្នុងរឿង “សសរកន្លោង” របស់ផលិតកម្ម ឥន្ទ្រានិម្មិត មានភាពល្បីល្បាញនាពេលកន្លងទៅ ហើយបានប្រែក្លាយតារាសម្ដែងរូបនេះឱ្យមានទីផ្សារល្អមួយរំពេចន កាលពីឆ្នាំ២០១៨។
ក្រោយមកទៀត កញ្ញា សួង ស៊ីធឿន ពិតជានឹកស្មានមិនដល់ ដោយប្រើពេលត្រឹមរយៈពេលជាង ១ឆ្នាំប៉ុណ្ណោះ អាចប្រែក្លាយទីផ្សារ និងតម្លៃខ្លួនដល់កម្រិតនេះ រហូតបានដល់ល្បីខ្លាំងក្នុងឆ្នាំ២០១៩ និងមកដល់ពេលនេះ ។
កន្លងមកនេះនាងបានលេចថតខារ៉ាអូខេ ភាពយន្ត និងស្ប៉តឱ្យក្រុមហ៊ុនមួយ បន្ទាប់ពីកេរ្តិ៍ឈ្មោះត្រូវទស្សនិកជនទទួលស្គាល់។ តារាសម្ដែងរូបនេះ គឺជាអតីត Freshie ជំនាន់ទី១៥ ដែលទើបបោះជំហានចូលសិល្បៈ ក្នុងឆ្នាំ២០១៦ដោយកាលប្រឡងជា Freshie កញ្ញាជាប់ត្រឹម Top 10 ដោយមិនទទួលបានចំណាត់ថ្នាក់អ្វីឡើយ៕