លេចធ្លោក្នុងវិស័យដើរម៉ូតដែលជាស្រីស្អាត ចេននី ពេលនេះឡើងកូដជាងមុនដោយទទួលតំណែងជាតួឯកស្រីក្នុងរឿងភាគសម្រាប់ស្ថានីយទូរទស្សន៍ដ៏ល្បី PNN ក្នុងរឿង “អ្នកទី៣”។
កញ្ញា ចេននី ឈ្មោះពិតគឺ “ស៊ឹម ស្រីមុំ” មិនធ្លាប់បានបង្ហាញមុខក្នុងភាពយន្តខ្នាតធំណាមួយនៅឡើយទេ ទើបតែថ្មីៗនេះ នាងត្រូវបានផលិតកម្ម LD Picture ជ្រើសរើសសម្តែងជាតួឯកស្រីនៅក្នុងរឿង “ អ្នកទី ៣” ដោយត្រូវប្រជែងស្នេហ៍ជាមួយតារាសប្បុរស្រអែម សួង ស៊ីធឿន ដែលត្រៀមនឹងបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ PNN ក្នុងពេលឆាប់ៗខាងមុខនេះ ។
កញ្ញា ចេននី បានប្រឡូកក្នុងវិស័យសិល្បៈដោយបានចាប់ផ្តើមដំបូងប្រលងនៅក្នុងកម្មវិធី កញ្ញា ឯកប្រ៊ីស្ទុន កាលពីឆ្នាំ ២០១៣ បើទោះបីជានាងមិនជាប់លេខរៀងណាមួយក៏ដោយក៏ តែនាងមានឱកាសបានប្រលូក ក្នុសិល្បៈតាមរយៈការដើរបង្ហាញម៉ូតឱ្យក្រុមហ៊ុនជាច្រើន។
ស្រីស្អាត ស៊ឹម ស្រីមុំ ហៅ ចេននី បានឱ្យប្រាប់ឱ្យដឹងថា នាងពិតជាមិនធ្លាប់បានចូលរួមសម្តែងភាពយន្តខ្នាតធំណាមួយនៅឡើយទេ ភាគច្រើននាងទទួលថត តែរឿងខ្នាតខ្លី រឿង អប់រំ កំប្លែង ថតខារ៉ាអូខ និងផតផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ ។ នេះជាលើកដំបូងហើយ ដែលនាងមានវត្តមាននៅក្នុងវិស័យភាពយន្តខ្នាតធំ កន្លងមកនាងមិនទទួលថតរឿងបែបនេះទេ ។ ជាមួយនិងការលេចមុខនៅក្នុងភាពយន្តខ្នាតធំជាលើកដំបូង ស៊ឹម ស្រីមុំ ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាមួយតារាស្រីសប្បុរស្រអែម សួង ស៊ីធឿន ដោយតម្រូវឱ្យនាងប្រជែងស្នេហ៍ជាមួយ សួង ស៊ីធឿន ។
កញ្ញា ចេននី បាននិយាយថា នាងសង្ឃឹមថាស្នាដៃដំបូងរបស់នាងនឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជននៅពេលដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN ពីព្រោះក្នុងរឿង “អ្នកទី៣” បង្កប់ទៅដោយការអប់រំ និងបង្ហាញពីជីវិតពិតរបស់គ្រួសារមួយចំនួន ។ សម្រាប់ក្នុងរឿង “អ្នកទី៣” ចេននី ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាតួដណ្តើមស្វាមីគេក្តី តែនៅខាងក្រៅឆាកវិញ នាងមិនប្រាថ្នាជីវិតដូចនៅក្នុងរឿងនេះទេ ៕