បន្ទាប់ពីជួបឧប្បត្តិហេតុ និងទទួលបានការវះកាត់ចំនួន៥ដង ពេលនេះលោកប៉ាជាទីស្រលាញ់របស់តារាសម្ដែងស្រីថៃកញ្ញា Taew Natapohn បានទទួលមរណភាពហើយ នៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ។
បើយោងតាមសារព័ត៌មាន Nineentertain បានឲ្យដឹងនៅមុននេះបន្តិចថា កាលពីរសៀល Taew នៅតែចងចិត្តសង្ឃឹមថាឪពុកនាងនឹងបានជាសះស្បើយ។ ក៏ប៉ុន្តែរឿងអកុសលក៏បានមកដល់ ព្រោះនៅល្ងាចថ្ងៃដដែល គេឃើញសាច់ញ្ញាតិរបស់តារាស្រីរូបនេះបានបង្ហោះរូបភាពប៉ារបស់នាងដោយបានឲ្យដឹងថា«តានឹងស្ថិតនៅក្នុងបេះដូងរបស់យើងជារៀងរហូត» ព្រមជាមួយនឹងរូបសញ្ញាបេះដូងពណ៌ខ្មៅ ដែលនេះអាចបញ្ជាក់បានថាប៉ារបស់ Taew លែងមានជីវិតនៅលើលោកនេះទៀតហើយ។
គួរបញ្ជាក់ថា ប៉ារបស់ Taew បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅ។ ដោយសារតែ ស្ថានភាពនៅតែធ្ងន់ធ្ងរ តារាស្រីខាងលើបានសម្រេចចិត្តងាកមុខទៅពឹងព្រះធម៌សុំឲ្យជួយឃុំគ្រងនឹងថែរក្សាប៉ារបស់នាងឲ្យមានសុវត្ថិភាពឡើងវិញ។ រហូតដល់ថ្ងៃទី៣០ខែមិថុនា ម្សិលមិញនេះ Taew បានប្រកាសនៅលើបណ្ដាញសង្គមសុំជំនួយឈាមជាបន្ទាន់ដើម្បីជួយជីវិតអ្នកមានគុណរបស់នាង ប៉ុន្តែមិននឹកស្មានថាអ្វីទាំងអស់បានប្រែជាអាសារបង់បែបនេះ ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់៕