តារាសម្ដែងប្រុសថៃលោក Porshe Saran នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ បានចេញមុខមកបដិសេធភ្លាមៗចំពោះអ្នកសារព័ត៌មានក៏ដូចជាមហាជន ទាក់ទងនឹងពាក្យចចាមរាមថាលោកបានកំពុងតែតាមចែចង់តារាសម្ដែងស្រីស្រស់ស្អាតកញ្ញា Goy Arachaporn ក្រោយប្រទះឃើញលោកបានចូលខមមិននៅក្នុងអ៊ីនស្តាក្រាមរបស់ Goy មានទាំងស្ទីកគ័រនិងសារមួយចំនួនដែលមានអត្ថន័យផ្អែមល្ហែមគួរឲ្យស្រលាញ់ មើលទៅដូចជាពួកគេកំពុងទាក់ទងស្នេហាគ្នា។
ទាក់ទងនឹងមន្ទិលសង្ស័យទាំងអស់ Porshe បានចេញមុខនិយាយដោយសង្កត់ធ្ងន់ថា លោកមិនបានចែចង់ Goy ដូចមនុស្សជាច្រើនបានយល់ទេ ហើយខ្លួនក៏មិនបានស្គាល់ ឬធ្លាប់បានជួបនាងដោយផ្ទាល់ដែរ។ សម្រាប់ការចូលទៅខមមិនលើការង្ហោះផ្សេងៗរបស់តារាសម្ដែងស្រីខាងលើ គឺលោកគ្រាន់តែចង់លេងសើចជាមួយបងប្រុសជិតស្និទ្ធម្នាក់ដែលចូលចិត្តនាង ហើយរូបភាពដែលខ្លួនបានចូលទៅខមមិន គឺមានតែរូប៣សន្លឹកប៉ុណ្ណោះ។
គួរបញ្ជាក់ថា Porshe ធ្លាប់ជាអតីតសង្សារចាស់របស់តារាសម្ដែងស្រីកញ្ញា Pimtdao។ ក្រោយបែកគ្នា អ្នកទាំងពីរធ្លាប់មានព័ត៌មានត្រឡប់រកគ្នាជាថ្មីម្ដងទៀត គ្រាន់តែ Pimt តម្រូវឲ្យ Porshe ធ្វើការចែចង់នាងសារជាថ្មី ប៉ុន្តែរហូតដល់ពេលនេះដូចជាមិនមានព័ត៌មានរីកចម្រើនអ្វីទាក់ទងនឹងស្នេហារបស់ពួកគេឡើយ។ យ៉ាងណា កាលពីម្សិលមិញ Porshe ក៏បានបង្ហើបប្រាប់ដល់អ្នកគាំទ្រផងដែរថា ពេលនេះលោកជាមនុស្សប្រុសនៅលីវ មិនទាន់មានអ្វីពិសេសនោះទេ៕