ពោះកាន់តែធំ S Kantapong ខ្ជិលចាំដល់ថ្ងៃរៀបការ អូសដៃគូស្នេហ៍ទៅចុះសំបុត្រអាពាហ៍ពិពាហ៍តែម្ដង
តារាសម្ដែងប្រុសថៃរូបសង្ហាលោក S Kantapong កំពុងត្រូវបានមហាជនជាច្រើនចូលរួមអបអរសាទេ ពិសេសហ្វេនៗរបស់លោកនាំគ្នារំភើបរីករាយជាមួយយ៉ាងខ្លាំង បន្ទាប់ពីបានឃើញតួឯកប្រុសរូបនេះ ក្រៅពីជោគជ័យក្នុងការងារហើយនោះ លោកកំពុងតែមានគ្រួសារមួយដ៏កក់ក្ដៅជាមួយមិត្តស្រី។
ជាការពិត បន្ទាប់ពីទាក់ទងស្រលាញ់គ្នាជាមួយមិត្តស្រីជនជាតិអាល្លឺម៉ង់យូរឆ្នាំគួរសម ពេលនេះអ្នកទាំងពីរបានកំពុងតែមានកូនជាចំណងដៃជាមួយគ្នា។ ទន្ទឹមនឹងកូនកាន់តែជិតបើកភ្នែកឃើញពន្លឺថ្ងៃ S Kantapong កាន់តែមិនរង់ចាំ ពោលនៅប៉ុន្មានថ្ងៃមុននេះ លោកត្រូវបានគេឃើញដឹកដៃគូស្នេហ៍ទៅចុះសំបុត្រអាពាហ៍ពិពាហ៍យកឈ្មោះជាប្ដីប្រពន្ធពេញសិទ្ធនឹងគ្នារួចរាល់ទៅហើយ ដោយមានសាក្សីទៅដឹងលឺជាច្រើននាក់ បើទោះបីមិនទាន់អាចរៀបចំពិធីបានពេញមុខពេញមាត់ក៏ដោយ។
គួរបញ្ជាក់ថា S Kantapong និងគូស្នេហ៍ស្រលាញ់គ្នាខ្លាំងណាស់ ហើយនៅមុននេះបន្តិចពួកគេបានរៀបគម្រោងរៀបការជាមួយគ្នា នៅចុងឆ្នាំ២០២០នេះ ប៉ុន្តែដោយសារតែជំងឺកូវីដ១៩ បានរាតខ្លាំងនៅក្នុងប្រទេសថៃក៏ដូចជាប្រទេសជាច្រើនទៀត នៅលើសកលលោក ទើបតារាប្រុសរូបនេះសម្រេចចិត្តផ្អាកសិន ដោយមិនទាន់បានកំណត់ច្បាស់ជាថ្មី ថានឹងរៀបចំនៅពេលណាទៀតឡើយ ៕