សូមចូលរួមសោកស្តាយចំពោះតារាចម្រៀង អោក សុម៉ាវត្តី បាត់បង់ម្តាយជាទីស្រលាញ់

ក្រុមតារាចម្រៀងត្រកូល “អោក” ទាំងបីគឺ អោក សុម៉ារីម៉ា, អោក សុម៉ាលីតា, និង អោក ម៉ាវត្តី បានប្រកាសនូវដំណឹងដ៏ក្រោមក្រំដោយបានបាត់បង់ម្តាយជាទីស្រលាញ់របស់ពួកគេ។

តាមរយៈអ្នកនាង ញឹម ចាន់ថន បានបង្ហោះសារឱ្យដឹងកាលពីថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២០ថា “ម៉ាក់សម្លាញ់ (អោក សុម៉ាវត្តី) ស្លាប់ម៉ោង២យប់ទ្បូវមកដល់វត្តវាលស្បូវហើយគ្នាពិតជាសោកស្ដាយណាស់សម្លាញ់ ខ្ញុំលេងបានច្រៀងលេងជាមួយម៉ាក់ទៀតហើយ ដាច់ចិត្តណាស់លឿនពេកហើយម៉ាក់អើយ ខ្ញុំមិនមែនកូនបង្កើតទេតែម៉ាក់ស្រទ្បាញ់ខ្ញុំដូចកូនចឹង។ មិនទាន់បានគេងទេមកដល់ម៉ោងនេះខ្ញុំក៏មិនស្រួលខ្លួនដែរ សូមទៅអោយបានសុខណាម៉ាក់”។

អ្នកនាង ញឹម ចាន់ថន ដែលជាមិត្តជិនស្និតរបស់ អោក សុម៉ាវត្តី បានប្រាប់ឱ្យដឹងថា ម្តាយរបស់តារាចម្រៀងត្រកូលអោក បានទទួលមរណៈហើយកាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នៅវេលាម៉ោង២ទាបភ្លឺ ធ្វើឱ្យក្រុមគ្រួសាររបស់ពួកគេមានការតក់ស្លុតនិងសោកស្តាយជាទីបំផុត។ តាមប្រភពដដែលបានឱ្យដឹងថា ម្តាយរបស់ក្រុមគ្រួសារត្រកូលអោកមានជម្ងឺប្រចាំកាយជាច្រើនមុខជាយូរមកហើយ ដែលធ្វើឱ្យស្ងានរបស់គាត់ធ្ងន់ធ្ងរទៅធ្ងន់ធ្ងររហូតលាចាកលោក។

សូមបញ្ជាក់ថា លោកស្រី ទីវ សោភ័ណ្ឌ ម្តាយរបស់ក្រុមគ្រួសារត្រកូលអោក បានទទួលមរណៈភាពក្នុងអាយុ៥៩ឆ្នាំ ហើយសពកំពុងតំកល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តវាលស្បូវ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បុណ្យ៧ថ្ងៃនឹងធ្វើឡើងចំថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅគេហដ្ឋាននៃសពភូមិវាលស្បូវ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕