ថៃ ៖ កំពូលតារាចម្រៀងជើងចាស់ វ័យជិត៦០ឆ្នាំ ប៉ុន្តែនៅតែល្បីខ្លាំង និងសំណប់ចិត្តប្រជាជនថៃ លោក Thongchai McIntyre បានផ្លាស់ប្តូរជីវិតខ្លួនពីបុគ្គលិកបម្រើការធនាគារក្លាយជាកំពូលតារាចម្រៀងPop ត្រឹមតែមួយប៉ប្រិចភ្នែក។
តារាចម្រៀងសំលេងពិរោះ រូបរាងសង្ហារញញឹមទាក់ទាញ លោក Thongchai កើតក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងគ្រួសារមានជីវភាពសមរម្យ ដែលមានឪពុកជាកូនកាត់ស្កតឡេន ហើយឪពុកម្តាយលោកទៀតសោត ជាអ្នកតន្ត្រីករ ប៉ុន្តែឪពុករបស់លោកបានស្លាប់ចោល ខណៈពេលលោកនៅវ័យកុមារ។
លោក Thongchai បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រង និងបានធ្វើការងារជាបុគ្គលិកធនាគារមួយកន្លែង ដែលជាកន្លែងផ្តល់ឱកាសឲ្យលោកបានជួបនឹងផលិតករទូរទស្សន៍ថៃ លោក Kai Varayuth ដោយមើលឃើញពីទេពកោសល្យ និងសមត្ថភាពច្រៀងរបស់ Thongchai ម្ចាស់ផលិតករទូរទស្សន៍រូបនេះបានសម្រេចផ្តល់ឱកាសឲ្យគេសម្តែងក្នុងកម្មវិធីទូរទស្សន៍មួយជាលើកដំបូង។
ដោយសារតែសមត្ថភាពដែលមានដុងពីកំណើត Thongchai ត្រូវចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ និងផ្តល់ឱកាសសម្តែងក្នុងរឿងភាគទូរទស្សន៍ថែមទៀតផង។ ជាងនេះទៅទៀត នៅឆ្នាំ១៩៨៣ លោកចាប់ផ្តើមចូលប្រឡងចម្រៀងដោយទទួលបានជោគជ័យ ឈានទៅជួបតារាចម្រៀងល្បីៗផ្សេងទៀត សិក្សារៀនសូត្រ និងហ្វឹកហាត់បន្ថែមលើសមត្ថភាពដែលមានស្រាប់។
នៅឆ្នាំ១៩៨៥ លោកបានចាប់ផ្តើមចេញAlbum ដំបូងរបស់ខ្លួន ដែលធ្វើគេឯងចាប់ផ្តើមចាប់អារម្មណ៍ និងគាំទ្រជាបន្តបន្ទាប់ រហូតដល់ក្លាយជាកំពូលតារាចម្រៀងដែលជោគជ័យស្ទើរតែគ្រប់បទ ល្បីខ្លាំងបំផុតក្នុងប្រទេសថៃអស់ពេលជិត៣០ឆ្នាំ។
នេះជាសំណាងរបស់គាត់ដែលអាចមានឱកាសបញ្ចេញសមត្ថភាព ទេពកោសល្យដែលខ្លួនមាន ជោគជ័យក្នុងជីវិតយុវជនខ្មែរ គប្បីឆាប់រកឲ្យឃើញចំណុចខ្លាំង ដុងពីកំណើត ទេពកោសល្យដែលខ្លួនមាន និងគោលដៅក្នុងជីវិតរបស់ខ្លួន ដើម្បីមានឱកាសឆាប់បានដើរតាមក្តីស្រមៃរបស់ខ្លួន សម្រេចជោគជ័យកាន់តែឆាប់ និងជាធនធានដ៏មានតម្លៃក្នុងសង្គមខ្មែរ៕