៥បទថ្មីរួមគ្នា ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា នឹងធ្វើឱ្យកក្រើកទីផ្សារចម្រៀងចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្រោយជំនួបជាដៃគូច្រៀងរួមគ្នានូវបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍”កាត់ឆុង” ដែលទទួលបានការគាំទ្រខ្លាំងនោះ ពេលនេះ តារាចម្រៀង លោកព្រាប សុវត្ថិ បានបន្តបញ្ចេញបទចម្រៀងថ្មីរួមគ្នាជាមួយ កញ្ញា តន់ ច័ន្ទសីម៉ា រហូតដល់ទៅ៤បទបន្ថែមជាប់ៗគ្នា ដែលសុទ្ធសឹងតែជាបទខ្លឹមៗ ហើយត្រូវបានគេដឹងថាដើម្បីបំបុកទីផ្សារបទចម្រៀងក្នុងឱកាសចូលឆ្នាំថ្មីប្រពណីជាតិខាងមុខនោះ។

បើទោះបីជានៅសល់រយៈពេលច្រើនជាង១ខែក៏ដោយ ក៏ផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀងថ្មីដែលបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាចំណែកទីផ្សារឬជាការវាយលុយបង្ហាញសាច់ដុំ និងគ្រាប់ពេជ្រនៅក្នុងដៃ។ បទចម្រៀង៥បទដែលបានបញ្ចេញព្រមគ្នានោះទាំងជាបទចម្រៀងដែលមានចំណងជើងដ៏គួរឲ្យចាប់អារម្មណ៍អត្ថន័យល្អ និងបទភ្លេងគួរឲ្យចង់ស្តាប់ និងរាំតាម។ បទទាំងនោះមានដូចជាបទ”កាត់ឆុង” បទ “អរគុណកាមេរ៉ា”បទ “រកស៊ីជាមួយយក្ស” បទ “ប្រហុក”និងបទ “មាន់កម្សត់” ។ បទចម្រៀងចុងក្រោយរបស់ពួកគេរួមគ្នា សុទ្ធទទួលបានការគាំទ្រខ្លាំងព្រោះគ្រាន់ តែចេញភ្លាមអ្នកទស្សនារាប់លានដងរួចទៅហើយ។

ក្រៅពីផលិតកម្ម Galaxy Navatra ក៏នៅមានផលិតកម្មក្នុងស្រុកមួយចំនួនទៀតក៏បានត្រៀមបញ្ចេញបទចម្រៀងរបស់ពួកគេដើម្បីបំបុកទីផ្សារក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ខណៈដែលគេក៏នៅចាំមើលផងដែរថាដៃគូប្រកួតប្រជែងរបស់ផលិតកម្មនេះគឺផលិតកម្មហង្សមាស នឹងបញ្ចេញស្នាដៃបទចម្រៀងដូចម្តេចដើម្បីបង្ហាញទស្សនិកជន។

តាមការបញ្ជាក់ពីលោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra អោយដឹងថា ខាងផលិតកម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីឲ្យគ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្ម ដោយនឹងបញ្ចេញជារៀងរាល់ថ្ងៃ។ លោកថ្លែងថា បន្ទាប់ពីបានប្រលែង បទចូលឆ្នាំប៉ុន្មានបទមកនេះ ឃើញថា តារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូសាកសមបំផុតសម្រាប់ បទចូលឆ្នាំ ក្នុងនោះដែរ Galaxy មិនមែនមានតែ៥បទនោះទេពោលតាមផែនការ គឺផលិតមានបទជាច្រើនទៀតសម្រាប់ឲ្យតារាចម្រៀងទាំងពីរនេះច្រៀងផងដែរ។

គេសង្កេតឃើញផងដែរកន្លងទៅថ្មីៗនេះផលិតកម្ម Galaxy Navatra មិនត្រឹមតែបញ្ចេញស្នាដៃបទចម្រៀងថ្មីដែលមានបរិមាណច្រើននោះទេ ថែមទាំងមានគុណភាពប្រកួតប្រជែងពិសេសទៅលើអត្ថន័យបទចម្រៀង បទភ្លេង ទំនុកច្រៀង និងបច្ចេកទេសក្នុងការផលិត និងតំឡើងពណ៌MV របស់ខ្លួនឲ្យមានគុណភាពនិងកាន់តែច្រជាក់ភ្នែកនោះ៕