ព័ត៌មានជុំវិញអ្នកនាងកែវ ច័ន្ទនិមល ឆ្លងជំងឺកូវីដ១៩ បានក្លាយជាប្រធានបទដ៏រសើបពីសំណាក់អ្នកលេងបណ្ដាញសង្គមនានា ហើយក៏មានបងប្អូនមួយចំនួនមិនច្បាស់ក្នុងចិត្ត ខលទៅសាកសួរលោកមាស ឫទ្ធី ដោយផ្ទាល់ផងដែរថាតើពិត ឬយ៉ាងណានោះ។
ឆ្លើយទៅនឹងសំណួរទាំងនេះ នៅក្នុងការផ្សាយផ្ទាល់ព័ត៌មានពេលព្រឹក នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ លោកមាស ឫទ្ធី បានធ្វើការបញ្ជាក់ថា អ្នកនាងកែវ ចន្ទនិមល ពិតជាឆ្លងកូវីដ១៩មែន។ លោកមាស ឫទ្ធី បានបញ្ជាក់ទៀតថា លោកបានខលទៅអ្នកនាង កែវ ចន្ទនិមល ដោយអ្នកនាងបានប្រាប់ថា ខ្លួនប្រយ័ត្នណាស់ ខ្លាចណាស់ កន្លងមក ប៉ុន្តែធ្វើយ៉ាងម៉េច បើឆ្លងដោយមិនដឹងខ្លួន។
ពិធីករព័ត៌មានដ៏ល្បីរូបនេះ បានដកស្រង់សម្ដីអ្នកនាង កែវ ច័ន្ទនិមល មកបញ្ជាក់ទៀតថា លោកទីតូ បានហៅអ្នកនាងទៅថតស្ពត ហើយបានឆ្លងជំងឺនេះពីលោកទីតូ ដោយមិនដឹងខ្លួន។ ទំនងជាលោកទីតូ បានឆ្លងជំងឺនេះ ពីលោកវរសេនីយ៍ឯក សែម គន្ធា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយសារមានការប្រាស្រ័យទាក់ទងការងារជាមួយគ្នានោះ។
តាមរយៈលោកមាស ឫទ្ធី អ្នកនាងកែវ ច័ន្ទនិមល ក៏បានធ្វើការសុំអភ័យទោសចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នាផង ខ្លួនបានព្យាយាមការពារណាស់កន្លងមក ប៉ុន្តែធ្វើម៉េចបើឆ្លងជំងឺនេះ ដោយមិនដឹងខ្លួនទៅហើយនោះ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ មីនា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងនៅថា ឥឡូវមានពាក់ព័ន្ធជាមួយប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ មានចេញរោគសញ្ញា ឆ្លងកូវីដ១៩ ព្រមទាំងអ្នកចម្រៀងហង្សមាសច្រើននាក់ ដូចជា ណុប បាយ៉ារិទ្ធ ក៏ឆ្លងដែរ។
លោកស្រី បន្តទៀតថា ប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ ដែលមានចេញរោគសញ្ញាកូវីដ រួមទាំងលោក ណុប បញ្ញារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយ នៅយប់ថ្ងៃទី៨មីនា ឆ្នាំ២០២១នេះ ដោយមិនអាចទុកទៀតបានទេ។
ដោយឡែក លោកម៉េងវិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ដូច្នេះថា «យោងតាមសេចក្ដីរាយការណ៍ បឋម
08/03/2021 គោលដៅបុរី អូរគីដេរ សែនសុខ ផ្លូវ2004 (បីនាក់) ! ធ្លាយដល់ពិធីការិនីល្បីម្នាក់ផង!
តាមការបញ្ជាក់ ឈ្មោះ កែវច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួនគាត់ + ប្តី និងកូនស្រីរបស់គាត់អាយុ ១០ ឆ្នាំ ដែលបានធ្វើតេស្តរកកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់)។
ហើយគាត់បានប្រាប់ថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍)។
រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មាសអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរក កូវីដ១៩។
ដោយឡែកបង កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន»៕