ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ខណៈពេលនេះតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ កំពុងតែសម្រាកព្យាបាលជម្ងឺកូវីដ១៩ ហើយថ្មីៗនេះលោកក៏ទើបតែឡាយវីដេអូនិយាយរៀបរាប់ពីបញ្ហាសុខភាពរបស់ខ្លួន តែក្នុងនោះស្រាប់តែមានអ្នកចូលទៅខមិន និងផ្ញើសារទៅកាន់លោក ថាគេជួយលោកឲ្យសម្ដែងមែន។

ក្នុងនោះដោយអស់ភាពអត់ធ្មត់ លោកក៏បានបង្ហោះសារតបទៅវិញយ៉ាងចាស់ដៃយ៉ាងដូច្នេះថា៖
«ម្សិលមិញ ខ្ញុំបានឡាយជជែកជាមួយបងប្អូនចង់ផ្តាំផ្ញើបទពិសោធន៍ខ្លះក្នុងនាមអ្នកជំងឺកូវីដម្នាក់ មានបងប្អូន៣ ៤នាក់គាត់ខមមិន គាត់ឆាតមកថា គេជួលខ្ញុំប៉ុន្មានសម្រាប់ការសម្តែង? ជួលអោយលើកជើងថ្នាក់ដឹកនាំ ! បងប្អូន បងប្អូននិយាយនេះមិនត្រឹមគិតថាខ្ញុំលេងសើចនិងជីវិតខ្លួនឯងទេ គឺបងប្អូនខ្លួនឯងដែលនិយាយនេះតែម្តងដែលមិនចេះស្រលាញ់ជីវិតខ្លួនឯង ហេតុអី? បើខ្ញុំរស់លើដីនៃព្រះរាជាណាចក្រកម្ពុជា រស់ក្រោមម្លប់ព្រះមហាក្សត្រ រស់ក្រោមការបីបាច់ថែរក្សារបស់ប្រមុខថ្នាក់ដឹកនាំកំពូលសម្តេចតេជោ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ខ្ញុំលើកដៃអរគុណគាត់ខ្ញុំខុសដែរ? កុំថាខ្ញុំរស់លើដី បើទោះខ្ញុំរស់ក្នុងទឹក លើអាកាស អោយតែក្នុងប្រទេសកម្ពុជាក៍ខ្ញុំត្រូវតែដឹងគុណក្នុងនាមជាប្រជាជនមួយរូប ។ ថ្ងៃនេះ ម៉ោងនេះ អ្នកថាខ្ញុំសម្តែង ព្រោះអ្នកមិនបានដឹងពីទុក្ខលំបាកនៃជំងឺនេះដែលខ្ញុំជួប ហើយបើទោះជាដឹងក៍អ្នកគ្មានបេះដូងគ្មានឆន្ទៈការពារទប់ស្កាត់ការចម្លងដែរ ផ្ទុយទៅវិញអ្នកច្បាស់ជាឆ្លៀតឱកាសបង្កបញ្ហាផ្សេងៗជាក់ជាពុំខាន ។ បើអ្នកខ្លួនឯងមិនបរិសុទ្ធទៅហើយ ហេតុអីអ្នកអូសទាញខ្ញុំយកទៅបំផ្លើសថាខ្ញុំសម្តែង អ្នកមិនខ្លាចបាបបុណ្យសោះយ៉ាងនេះ? សូមអ្នកបើកភ្នែកអោយធំៗ សម្លឹងអោយឃើញពីទុក្ខលំបាកនិងហានិភ័យដែលប្រទេសទាំងមូលកំពុងជួបក្នុងគ្រាអាសន្នផង ហើយអ្នកបកមកចង្អុល ថ្ងាសសួរខ្លួនឯងវិញទៅមើល ថាអ្នកបានជួយអ្វីខ្លះ? កុំថាដល់សង្គម គ្រួសារអ្នក សូម្បីតែខ្លួនឯង? សុំតែកុំអោយអ្នកផឹកសុីជុំគ្នាអ្នកធ្វើមិនបានផង ឬអ្នកបានតែដើរចាំតែខាំត្របាក់គេដោយពាក្យមុសា គ្មានវិចារណញ្ញាណទេ? ហើយអ្នកនិងសើចសប្បាយពេលឃើញអ្វីដែលខ្លួនឯងបានធ្វើសមតាមបំណង? បើនោះគឺជារសនិយមដ៍ចាំបាច់របស់អ្នក ខ្ញុំពិតមិនចម្លែកចិត្តទេថាហេតុអ្វី? អ្នករៀនសូត្របានតិច តែមិនប្រាកដ ថាអ្នកគ្មានសតិក្នុងការគិតទេ ២០២១ហើយសូមឈប់និយាយពាក្យថាល្ងង់ព្រោះរៀនបានតិច គ្នាគិតមិនដល់…No គ្រប់យ៉ាងគឺសង្គមជាអ្នកបង្រៀន ជាអ្នកជួយតម្រង់ផ្លូវយើងច្រើនណាស់ សង្គមជាអ្នកបង្ហាត់បង្រៀនយើងអោយចេះគិត ចេះវាយតម្លៃ…»

មិនត្រឹមតែប៉ុនណោះ លោកបានផ្ដាំផ្ញើទៅកាន់អ្នកដែលមើលស្រាលលើជីវិត និងថាលោកសម្ដែងធ្វើជាឈឺថា៖
«កុំមើលស្រាល ខ្ញុំចង់ឲ្យអ្នករស់ឲ្យបានយូរមើលឃើញខ្ញុំជាវិញ ចង់អោយអ្នករស់ឲ្យបានយូរដោយកុំឲ្យស្គាល់ជាតិកូវីដអោយសោះ រស់អោយបានយូរដោយគ្មានសម្រែកឲ្យជួយនៅពេលដែលអ្នកឆ្លង ។ សូមបង្កើនសតិរបស់អ្នកឲ្យបានរីកចំរើន ដុះដាលក្នុងផ្នត់គំនិតល្អ គិតឡើងវិញ ពិចារណាឡើងវិញ អានខមមុិនដែលអ្នកផ្ញើរមកខ្ញុំឡើងវិញ បើអ្នកនៅមានជាតិជាមនុស្ស ???»។
គួរបញ្ជាក់ផងដែរថា គិតមកទល់និងថ្ងៃនេះលោក ណុប បាយ៉ារិទ្ធ បានសម្រាកព្យាបាលជម្ងឺកូវីដ១៩ បាន៨ថ្ងៃហើយ ហើយលោកក៏មិនទាន់ធ្វើតេស្ដអវិជ្ជមានម្ដងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖


អត្ថបទដោយ៖ស៊ីវលី