ពិតជាមិនធម្មតាមែន! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគជួយជាតិជិត១០លានដុល្លារក្នុងពេលមួយយ៉ាងខ្លីដើម្បីសង្គម

គិតចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មហាជនបានពិនិត្យឃើញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគជួយជាតិជិត១០លានដុល្លារមកហើយ ក្នុងការជួយដល់សង្គមជាតិជាមួយរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលចំនួននេះ គឺជាចំនួនច្រើនជាងគេ ក្នុងចំណោមសប្បុរសជនទាំងអស់។

ខាងក្រោមនេះ គឺជាកាលបរិច្ឆេទ និងចំនួនថវិកាសប្បុរសធម៌ ដែលអ្នកឧកញ៉ា ចិត្តធម៌ វ័យក្មេង និងលោកជំទាវ បានលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមជាមួយរដ្ឋាភិបាល និងជួយសង្គមជាតិ៖

ទី១/ ថ្ងៃទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគចំនួន ១លាន ដុល្លារ តាមរយៈ ឯកឧត្ដម សេង ទៀង ជូន សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញវ៉ាក់សាំង វ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។

ទី២/ ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគជូនសម្ដេចតេជោ ហ៊ុន សែន ចំនួន ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ។

ទី៣/ ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារថែមទៀត ជូនទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពឈុតស ដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ។

ទី៤/ ថ្ងៃ២៧ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន៣.៥លានដុល្លារ តាមរយៈសម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព សម្រាប់ព្យាបាលបងប្អូនកើតជំងឺកូវីត១៩ ។

ទី៥/ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨។

ទាំងអស់នេះ គឺជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងនាមជា អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលទទួលជោគជ័យខ្លាំងក្នុងវិស័យអចលនទ្រព្យ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

- Advertisement -

អ្វីដែល សាធារណៈជននៅចាំមិនភ្លេច គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានពោលពាក្យពេចន៍ដ៏ចាក់ដោតថា៖ ពួកគាត់ មិនដឹងជាត្រូវយកលុយដែលរកបានទាំងអស់នោះ ទៅចាយទៅឯណាទេ បើសិនជាប្រទេសជាតិយើង គ្មានសុខសន្តិភាពដូចសព្វថ្ងៃ។ កើតនៅក្នុងប្រទេសកម្ពុជា ដូច្នេះការចូលរួមចែករំលែកជួយសង្គម ពេលសង្គមត្រូវការ និងរួមសុខ រួមទុក្ខ ជាមួយរាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចដ៏ចម្បងរបស់ អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលមិនអាចឱបដៃឈរមើល ដោយមិនខ្វល់ខ្វាយបានឡើយ៕