ភ្នំពេញ ៖ ក្រុមបាល់ទាត់ផលិតកម្មមហាហង្ស ដែលមានរហស្សនាម Mohahong All Star បានឆ្លងផុតការប្រកួតវគ្គ ១៨ក្រុមចុងក្រោយ នៃពានរង្វាន់ KMH Champions League 2019 មួយវគ្គទៀតហើយ បន្ទាប់ពីយកឈ្នះក្រុមយុវជនខេត្តកំពង់ចាម៧-៣ ក្នុងជំនួប ២ជើង ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខ។
កាលពីជួបគ្នាជើងទី១ ក្រុមដឹកនាំដោយម្ចាស់ផលិតកម្មលោក អ៊ិន សុភិន បានយកឈ្នះយុវជនកំពង់ចាម៤-២ មុនបន្ដយកឈ្នះ៣-១ ក្នុងជំនួបជើងទី២ ដែលជាការប្រកួតកាត់សេចក្ដី នៅទីលាន KMH Park កាលពីយប់មិញ។
ក្រោយចប់ការប្រកួត លោក អ៊ិន សុភិន ស្ថាបនិក និងជាប្រធានក្រុម Mohahong All Star បានសម្ដែងការកោតសរសើរដល់កូនក្រុមខ្លួន ដែលសហការគ្នាបានយ៉ាងល្អក្នុងជំនួបជើងទី២ ទោះបីក្រុមគូប្រជែងបានព្យាយាមដាក់សម្ពាធគ្រាដែលកីឡាករខ្លួនភាគច្រើនជាតារាចម្រៀង និងតារាសម្ដែងក្ដី។
អ្វីដែលពិសេស គឺលោកមិនទំពឹងថា ក្រុម Mohahong All Star អាចឈានដល់វគ្គ៨ក្រុមចុងក្រោយ ដូច្នេះនោះទេ ព្រោះនេះ គឺជាលើកដំបូងដែលក្រុមលោកបានចូលរួមប្រកួតពាន តែលោកប្ដេជ្ញានឹងធ្វើឲ្យបានកាន់តែល្អ នាប្រកួតវគ្គបន្ដ។
គួរបញ្ជាក់ថា Mohahong All Star គឺជាក្រុមកូនពៅ ដែលដណ្ដើមបានកៅអីវគ្គ ៨ក្រុមចុងក្រោយកាលពីយប់មិញ គ្រាដែល ៧ក្រុមផ្សេងទៀត ត្រូវបានរកឃើញជាបន្ដបន្ទាប់ រួមមានក្រុមពិស្ណុការ, ក្រុមTN Kandal, ក្រុម Avatar, សម្ព័ន្ធយុវជនមូស្លិមកម្ពុជា, Down Town Sport, គ្រួសារប៊ីចេង និងក្រុមISI Group United៕