តារាសម្តែងល្បីមួយរូបលោក សាវិន ហ្វីលីព បោះបង់ចោលប្រាក់ខែជាង៣ពាន់ដុល្លារ ទៅស្រវាវិស័យអចលនទ្រព្យ
ពីអ្នកយួរវ៉ាលីតូចតាមឲ្យភ្ញៀវ ក្លាយជាអ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ៥ គ្រប់គ្រងរយៈពេល២៥ឆ្នាំ លោក សាវិន ហ្វីលីព បានថ្លែងប្រាប់ឲ្យដឹងថា លោកពិតជាហត់នឿយនឹងជីវិតច្រំដែលៗ ធ្វើការស្ទើរតែគ្មានពេលសម្រាក ហើយបើប្រហេសតែបន្តិច គេស្តីឲ្យបានគ្រប់ពេលវេលា។
ជើងចាស់ខាងវិស័យភាពយន្ត និងវិស័យសណ្ឋាគាររូបនេះ បន្ថែមថា ការដែលមានឋានៈល្អ មានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងសង្គម មានប្រាក់ខែច្រើន ដែលអាចធ្វើឲ្យគ្រប់គ្នាស្រែកថា Wow វាមិនមែនជារឿងស្រួលដូចការគិតនោះទេ។ ដើម្បីឡើងដល់កន្លែងមួយនោះ លោកមានការតស៊ូ ជំនះឧបសគ្គជាច្រើន ដូចនេះ វាពិតជាពិបាកធ្វើចិត្តនៅពេលដែលយើងត្រូវបោះបង់វាចោល នៅពេលដែលលោកលាឈប់ មានមនុស្សជាច្រើនថា លោកឆ្គួតហើយ ដែលចោលប្រាក់ខែច្រើនបែបនេះ។ ប៉ុន្តែចំពោះលោកគិតថា បើនៅតែបន្តបែបនេះ ជីវិតនឹងបានត្រឹមតែប៉ុណ្ណឹង។
លោកបានបន្តថា កាលពីលោកឈប់ធ្វើការ លោកពិតជាមានអារម្មណ៍ភ័យខ្លាចខ្លាំង ប៉ុន្តែលោកបានប្រាប់ខ្លួនឯងថា ទោះបីជាខ្លាច ឬបរាជ័យ តែលោកនៅតែជំនះ ព្រោះលោកគិតដា គ្មានអ្នកជោគជ័យលើពិភពលោកមួយណា ដែលមិនធ្លាប់បរាជ័យនោះដែរ។ ម្យ៉ាងវិញទៀត លោកមានវ័យកាន់តែចាស់រីឯអាជីបជាអ្នកសិល្បៈក៏មិនអាចនៅសូវស្ថិតស្ថេរជារៀងរហូតដែរ ទើបលោកសម្រេចចិត្តឈានជើងចូលក្នុងវិស័យអចលនទ្រព្យពេញទំហឹង ខណៈឱកាសល្អមួយបានមកដល់។
តារាសម្ដែងល្បីឈ្មោះ រូបនេះ បន្តទៀតថា ការពិតទៅវិស័យអចលនទ្រព្យ លោកនិងគ្រួសារ បានចាប់ផ្តើមវិនិយោគជាយូរណាស់មកហើយ តែធ្វើជាលក្ខណៈតូចតាច ដោយការទិញលក់ ពីមួយកន្លែងទៅមួយកន្លែងទៀត ដើម្បីចំណេញ។ ប៉ុន្តែដោយមើលឃើញពីសក្តានុពលយូរអង្វែងក្នុងវិស័យនេះ ព្រមទាំងឱកាសបានហុចមកដល់លោកក៏បានចាប់ដៃគូរជាមួយ ក្រុមហ៊ុនវិនិយោគ Utrust Investment លើគម្រោងរីហ្សត៦៤ហិកតា នៅក្រោយផ្សារបាត់ដឹង។
គួរជម្រាបផងដែរថា ក្រៅពីវិនិយោគក្នុងវិស័យអចលនទ្រព្យ លោកក៏ជាស្ថាបនិកនៃមូលនិធិចែករំលែកសេចក្ដីស្រលាញ់- Sharing Love Project ដែលតែង បរិច្ចាគអណ្តូងស្អាតចំនួនជាច្រើន ដល់ប្រជាជននៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយជីវភាពរស់នៅសព្វថ្ងៃរបស់ប្រជាជនខ្មែរ៕