ក្រោយមានការបាក់រលំអាគារនៅខេត្តព្រះសីហនុ មានតារាល្បីៗជាច្រើនដួងបានធ្វើរឿងនេះមួយដើម្បីជនរងគ្រោះ
ជារឿងដែលគួរឲ្យសោកសង្រេងជាទីបំផុត ចំពោះសោកនាដកម្មនៃការរលំបាក់សំណង់អគារមួយកន្លែង ដែលស្ថិតនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសអស់ជាច្រើននាក់។
បច្ចុប្បន្ននេះក្រុមអ្នកជួយសង្គ្រោះកំពុងតែមានការជួយសង្គ្រោះយ៉ាងខ្លាំងក្លារបំផុត ដើម្បីធ្វើការស្វែងរកជនរងគ្រោះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដែលមានមនុស្សចំនួនដ៏ច្រើនកំពុងជាប់ក្នុងគំនរបាក់បែក។ បើតាមអាជ្ញាធរបានបញ្ជាក់ថា សំណង់អាគារនេះ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ចុះហាមឃាត់ចំនួន២ដងរួចមកហើយ ប៉ុន្តែម្ចាស់ដែលជាជនជាតិចិនមិនព្រមស្តាប់ ហើយនៅតែបន្តសាងសង់ដោយចិត្តឯង ទើបខាងក្រសួងមិនដឹងគួរធ្វើយ៉ាងណា។
បើតាមប្រភពពីសមត្ថកិច្ច បានថ្លែងប្រាប់ថា ម្ចាស់សំណង់ខាងលើនេះមានឈ្មោះ ជិន គ័ង បានសាងសង់អគារនេះលើផ្ទៃដី៥៨៣ម៉ែត្រក្រឡា សាងសង់ដោយការប្រើឆ្អឹងដែក។ ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធការសាងសង់ យកទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្តចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯសាច់ញាតិបានអុជធូប សែនព្រេនដើម្បីហៅព្រលឹងទៅផ្ទះធ្វើពិធីបុណ្យដែរ។ ជាមួយនិងភាពទុក្ខសោកទាំងនេះ ក៏បានរំជួលចិត្តដល់បណ្តាអ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលរួមរំលែកទុក្ខដល់គ្រួសារស ពដែលត្រូវបានបាត់បង់សមាជិកគ្រួសារត្រឹមរយៈពេលដ៏ខ្លី និងនឹកស្មានមិនដល់។
នៅក្នុងនោះដែរក៏ឃើញមានតារាជាច្រើនរូប បាននាំគ្នាចូលរួមរំលែកទុក្ខ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមផងដែរ។ ដោយពួកគេបានធ្វើការភ្ជាប់ជាមួយនឹងពាក្យពេចន៍ផ្សេងៗគ្នាយ៉ាងគួរឲ្យសង្វេគបំផុត ស្របពេលដែលកម្លាំងជំនាញ កំពុងតែធ្វើប្រតិបត្តិការសង្រ្គោះយ៉ាងមមាញឹកខ្លាំងបំផុត៕