ជំនួបក្នុងរឿងថ្មីរបស់តារាសម្ដែងរបស់ប៉ុស្តិ៍លេខ៣ថៃ Pope Thanawat និង Taew Natapohn បានធ្វើឲ្យអ្នកគាំទ្រមិនតិចទេនាំគ្នាសាទរ ប៉ុន្តែស្រាប់តែមានដំណឹងថាសាមីខ្លួនខាងស្រីសុំដកខ្លួនចេញមិនសម្ដែងទៅវិញ។ ផ្ដល់បទសម្ភាសមួយជាមួយក្រុមសារព័ត៌មាន ក្នុងកម្មវិធីរបស់ “THIS IS ME VATANIKA” តារាសម្ដែង Taew Natapohn បាននិយាយពីព័ត៌មានដែលថានាងថតរឿងថ្មីជាមួយ Pope ហើយ។
តារាសម្ដែងស្រី Taew បាននិយាយថា “តាមពិតទៅ Taew មិនបានសុំដកខ្លួននោះទេ តែក៏ដោយសារមុននឹងផ្ដើមថតមែនទែន គ្រប់រឿងទាំងអស់ ក្រុមការងារត្រូវពិភាក្សាជាមួយគ្នា និងមើលឲ្យយល់ថាជារឿងប្រភេទណា រួចហើយយើងនឹងរៀបចំសាច់រឿងបែបម៉េចខ្លះ។ មិនមែនខ្ញុំកំណាញ់ខ្លួន មិនចង់សម្ដែងនោះទេ តែដោយសារខ្ញុំមិនទាន់ទទួលថតរឿងនោះនៅឡើយ ក៏ព្រោះតែពេលវេលាមិនអំណោយផលផង។ ប៉ុន្តែភ្លាមៗស្រាប់តែចេញព័ត៌មានថាខ្ញុំសម្ដែងទៅវិញ“។
ក្នុងនោះក៏មានសំណួរបានបន្លឺឡើងថា គ្រប់គ្នាពិតជារំពឹងចង់ឲ្យ Taew និង Pope បានសម្ដែងជាគូនឹងគ្នាណាស់ តើនាងគិតយ៉ាងណា? តារាសម្ដែងស្រី Taew ក៏បាននិយាយថា “និយាយតាមត្រង់ ត្រូវគិតថាមិនទាន់ដល់ពេលទេ តែយើងក៏នៅតែមានឱកាសថ្ងៃក្រោយទៀត ប្រសិននៅតែមានរឿងដែលសមរម្យណាមួយតម្រូវឲ្យយើងសម្ដែងរួមគ្នា“៕