តារាស្រីដែលមានភាពល្បីល្បាញ កញ្ញា គៀត សុវណ្ណាឡាង បានលើកឡើងថា តារាស្រីដែលចង់ទទួលបានភាពល្បីល្បាញ ទាល់តែដោះដូខ្លួនប្រាណ គឺមិនមែនទាំងអស់នោះទេ ហើយនាងបានបញ្ជាក់ថា នាងធ្វើលឺពាក្យនេះដែរ ប៉ុន្តែរឿងបែបនេះ អាស្រ័យនឹងខ្លួនយើងទេ។
តារាសម្តែងស្រីទឹកមុខញញឹមមានមន្តស្នេហ៍ កញ្ញា គៀត សុវណ្ណាឡាង បានលើកឡើងថា នាងក៏ធ្លាប់ឮពាក្យថា អ្នកសិល្បៈចង់ល្បីទាល់តែដោះដូរខ្លួនប្រាណ នឹងច្រើនដងមកហើយដែរ នាងយល់ថា ទាំងអស់នេះគឺស៊ីសងទៅលើខ្លួនយើងផ្ទាល់ និងអាស្រ័យលើបុគ្គលម្នាក់ៗ ព្រោះការគិតខុសគ្នា ប៉ុន្តែសម្រាប់នាងផ្ទាល់មិនដែលធ្វើរឿងបែបនេះឲ្យប៉ះពាល់កិត្តិយសឡើយ។ នាងថា សម្រាប់ការចូលសិល្បៈជាង១០ឆ្នាំមកនេះ មិនធ្លាប់បានធ្វើរឿងដោះដូរអ្វីនោះទេ ណាមួយទៀត ចំពោះរឿងដែលត្រូវដោះដូរគ្នា គឺអាស្រ័យលើខ្លួនយើងទេ ហើយនាងក៏បានលើកឡើងទៀតថា ហេតុអ្វីបើចង់ល្បី ចាំបាច់ដោះដូរខ្លួនប្រាណ? ឲ្យតែមានទេពកោសល្យសមត្ថភាព គឺមិនខ្វះទេការងារធ្វើនោះ។
ដោយឡែកបើក្រឡេកទៅមើលពីជីវិតសិល្បៈ របស់តារាស្រីរូបនេះវិញ មួយរយៈនេះ គឺកញ្ញា គៀត សុវណ្ណាឡាង គឺភាពមមាញឹកខ្លាំង ជាមួយនឹងការងារសិល្បៈ ខណៈមានផលិតករជាច្រើន បានទាក់ទងទៅឲ្យថតជាខ្សែភាពយន្ត ផ្សេងៗជាច្រើនទៀតផងដែរ ខណៈបច្ចុប្បន្ន គឺនាងកំពុងតែថតភាពយន្តឲ្យខាងផលិតកម្មហង្សមាស និងរឿងជាច្រើនទៀត។
ជាចុងក្រោយ កញ្ញា គៀត សុវណ្ណាឡាង ក៏បានថ្លែងអំណរគុណដល់ប្រិយមិត្តទស្សនិកជន ដែលបានគាំទ្រតាំងពីពេលដែលនាងចាប់ផ្ដើមចូលសិល្បៈ រហូតមកដល់ពេលបច្ចុប្បន្ន ដែលបានជួយគាំទ្រខ្សែភាពយន្តខ្មែរ មិនថារូបនាង ឬក៏សិល្បករសិល្បការនីដទៃទៀតនោះទេ ព្រោះអ្នកសិល្បៈគឺអត់ចង់បានអ្វីច្រើន ក្រៅពីការគាំទ្ររបស់ទស្សនិកជននោះទេ មួយវិញទៀត សុវណ្ណាឡាងផ្ទាល់ ក៏បានសំណូមពរដល់ទស្សនិកជន ឲ្យជួយបន្តគាំទ្រ ក៏ដូចជាលើកស្ទួយនូវភាពយន្តខ្មែរ ឲ្យខ្លាំងថែមទៀត ដើម្បីឲ្យសិល្បៈខ្មែរយើងមានការរីកចម្រើនកាន់តែខ្លាំង៕