ណា ណៃ នៅបន្តចេញបទចម្រៀងថ្មីចាក់ដោតអ្នកព្រៃវែងយ៉ាងខ្លាំងបើទោះបីជួបរឿងស៊យ

ភ្នំពេញ៖ កញ្ញា ណា ណៃ ក្រោយជួបរឿងស៊យមិនចុះចាញ់ខំប្រឹងបន្តការងារថតហើយឥឡូវចេញបទចម្រៀងថ្មីទាល់តែបានចាក់ដោតអ្នកខេត្តព្រៃវែងក៏មិនចេះតិចដែ។

តារាសម្តែងកញ្ញា ណា ណៃ ក្រោយជួបរឿងស៊យត្រូវចោរគាស់ផ្ទះទ្រព្យសម្បត្តិមានតម្លៃជាង៥ពាន់ដុល្លារកាលពីថ្មីៗ ក៏នាងមិនចុះចាញ់ខំប្រឹងបន្តការងារទៀត ហើយឥឡូវនេះ ចេញបទចម្រៀងថ្មីទាល់តែបានចាក់ដោតអ្នកខេត្តព្រៃវែងខ្លាំង។

បទចម្រៀងថ្មី Original Song របស់កញ្ញា ណា ណៃ លើផលិតកម្ម  Zone ចំណងជើង “ព្រៃវែងរឿងខ្ញុំ” ត្រូវបានចេញផ្លូវការហើយនៅលើបណ្តាញសង្គម ហ្វេសប៊ុក និង យូធូប កំពុងទទួលបានការគាំទ្រ និង មានការពេញចិត្តយ៉ាងខ្លាំង។ បទនេះត្រូវបានអ្នកស្តាប់ជាច្រើននាក់នាំគ្នាចែកចាយស្តាប់បន្តនិងបញ្ចេញមតិថា ពេញចិត្តទាំងសម្លេង និងអត្ថន័យកំសត់យ៉ាងល្អចាក់ដោតដល់បេះដូងមានអារម្មណ៍នឹកដល់ខេត្តព្រៃវែង។

តារាសម្តែងកញ្ញា ណា ណៃ បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ឲ្យដឹងថា ទោះបីជានាងមួយរយៈចុងក្រោយនាងជួបបញ្ហានិងត្រូវចោរគាស់ផ្ទះអស់ទ្រព្យសម្បត្តិជាច្រើន ដែលសន្សំក៏ដោយនាងក៏ត្រូវខំតស៊ូការងារទៀត មិនចុះចាញ់ឡើយ ព្រោះម្តាយនិងប្អូនប្រុសរបស់នាងត្រូវការចិញ្ចឹមនិងមើលថែ។ ដូច្នេះនាងមិនត្រូវពិបាកចិត្តទៀតទេ ព្រោះបន្តជីវិតនេះដោយភាពអត់ធ្មត់ ដើម្បីគ្រួសារនាង។

តារាគួរឲ្យស្រលាញ់រាងច្រលឹងរូបនេះបាននិយាយថា នាងសូមអគុណដល់មហាជនដែលកន្លងមកគាំទ្រនាងការសម្តែង និង បទចម្រៀងរបស់នាង។  ជាពិសេសនាងក៏អគុណដល់បងប្អូនអ្នករាប់នាងដែលជួយនាង ក្នុងគ្រាលំបាក និង ជួយលើកស្ទួយនាងក្នុងការងារមុខរបបនិងវិស័យសិល្បៈ។ សម្រាប់បទថ្មីនាង “ព្រៃវែងរឿងខ្ញុំ” របស់លើកនេះមិនត្រឹមជាបទល្អនោះ មានអត្ថន័យនោះទេ ក៏មានសាច់រឿងរបស់នាងក្នុងនោះច្រៀងលាតត្រដាងពីជីវិតអ្នកព្រៃវែងតស៊ូមកធ្វើការនៅភ្នំពេញ៕