ឌីជេក្តិបរំភើបញាប់ញ័រខ្លាំង ក្រោយទទួលបានសមាជិកថ្មីកូនស្រីម្នាក់ ប៉ុន្តែត្រូវចិញ្ចឹមក្នុងកែវសិន ព្រោះកើតមិនគ្រប់ខែ
តារាចម្រៀង និងសម្តែងល្បីក្នុងព្រះរាជាណាចក្រកម្ពុជា គឺឌីជេក្តិប ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ទាំងការសម្តែង និងចម្រៀងរ៉េបរបស់លោក នាពេលនេះលោកមានក្តីរំភើបខ្លាំងមែនទែន ដោយបានសមាជិកថ្មីកូនស្រីជាទីស្រឡាញ់ ប៉ុន្តែកូនស្រីរបស់លោកត្រូវដាក់រស់នៅក្នុងកែវជាច្រើនម៉ោងទៀត ព្រោះកើតមិនទាន់គ្រប់ខែ។
គ្រាន់តែកូនបានកើតបានប៉ុន្មានម៉ោង ឌីជេក្តិបបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា «សូមសំពះគោរពដោយក្តីដឹងគុណ និងសូមអរគុណយ៉ាងក្រៃលែងអស់ពីទឹកចិត្តរបស់ខ្ញុំ ជូនចំពោះលោកគ្រូអ្នកគ្រូពេទ្យទាំងអស់នៅក្នុងមន្ទីរពេទ្យជប៉ុនក្រុងភ្នំពេញ សម្រាប់ការខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត នៅក្នុងការថែទាំ និងជួយសង្រ្គោះជីវិតរបស់ប្រពន្ធកូនរបស់ខ្ញុំបាទដោយក្តីគោរព។
បន្ទាប់មកសូមគោរពអរគុណនូវទឹកចិត្តអាណិតស្រលាញ់ក៏ដូចជាការជូនពររបស់បងប្អូនមហាជន និងមិត្តភក្តិទាំងអស់ ដោយក្តីគោរពស្រលាញ់ពីខ្ញុំបាទ។ ពេលនេះកូនស្រីរបស់ខ្ញុំ «សំណាង បូរ៉ាន់ឍាមរា» គាត់កំពង់តែ ស្ថិតនៅក្នុងការសង្រ្គោះបន្ទាន់នៅដំណាក់កាលទី៣គឺការថែរក្សា និងចិញ្ចឹមដាក់នៅក្នុងកែវនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកឯប្រពន្ធរបស់ខ្ញុំ គឺសម្រាកនៅបន្ទប់លេខ២១៧មន្ទីរពេទ្យជប៉ុនក្រុងភ្នំពេញ។ ហើយសំណេរមួយនេះវាគឺជាផ្ញើសារ អរគុណ និងជូនពរដល់លោកគ្រូអ្នកគ្រូពេទ្យទាំងអស់ ដែលបានជួយសង្រ្គោះជីវិតរបស់ប្រពន្ធកូនខ្ញុំ រួមជាមួយបងប្អូនមហាជន និងមិត្តភក្តិបងប្អូនទាំងអស់គ្នា សូមឲ្យមានសុខភាពល្អសំណាងល្អរកស៊ីមានបាននិងមានសុភមង្គលគ្រប់ក្រុមគ្រួសារដោយក្ដីគោរពនិងដឹងគុណពីខ្ញុំបាទឌីជេក្តិបរបស់បងប្អូន»។
បន្ទាប់ពីការបង្ហោះសាររបស់លោកលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យអ្នកគាំទ្ររបស់លោក បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំង និងអបអរសាទរចំពោះលោក និងភរិយា ដែលបានសម្រាលដោយជោគជ័យ និងសុវត្តិភាព៕