ភ្ញាក់ផ្អើលណាស់! Alek ឆ្លើយបែបនេះ ក្រោយគេសួររឿងរៀបការជាមួយនិង Toey!

បើគិតមកទល់ពេលនេះ តារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Alex Teeradeth មានទំនាក់ទំនងស្នេហាជាមួយនិងតារាសម្ដែងថៃស្រីកញ្ញា ​Toey Jarinporn រយៈពេល២ឆ្នាំជាងហើយ តែគេពុំដែលលឺអ្នកទាំងពីរបង្ហើបពីដំណឹងល្អម្ដងណាសោះ។

យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ លោក  Alex បានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែត ទាក់ទងនឹងគម្រោងនៅថ្ងៃអនាគតរបស់លោក ពោលគឺរឿងរៀបការជាមួយនិង Toey នេះតែម្ដង។

ក្នុងនោះលោក Alex ឆ្លើយតបទៅថា «តាមពិតទៅ ខ្ញុំក៏គិតពីគម្រោងរៀបការដែរ ព្រោះឥលូវនេះខ្ញុំមានអាយុជិត៣០ឆ្នាំហើយ ហើយខ្ញុំក៏ចង់មានគ្រួសារ ក៏ប៉ុន្តែវាស្រេចទៅលើពួកយើង នៅពេលពួកយើងមានអារម្មណ៍ថារួចរាល់ ពួកយើងនឹងធ្វើវា។ កាលពីមុន ខ្ញុំមានគម្រោងរៀបការនៅអាយុ ៣៥ ឬ ៣៨​ឆ្នាំ ប៉ុន្តែពេលនេះខ្ញុំមិនចង់កំណត់បែបនេះទេ ព្រោះខ្ញុំគិតថាពេលវេលាសម្រាប់ជីវិតគូគឺពិតជាសំខាន់ខ្លាំងណាស់»។

ពិតណាស់ក្រោយពេលដែលលោក Alex ឆ្លើយបែបនេះ ធ្វើឲ្យមហាជនជាច្រើនរំភើបចិត្ត និងទន្ទឹមរង់ចាំថ្ងៃពិសេសរបស់លោក សង្ឃឹមថាមានដំណឹងល្អឆាប់ៗនេះទៅចុះ៕

អត្ថបទដោយ៖សុីវលី