កាលពីពេលថ្មីៗនេះ មហាជនជាច្រើនហាក់ចាប់អារម្មណ៍រឿងភាគថ្មីរបស់ប៉ុស្តិ៍លេខ៣ថៃ ដែលដឹកនាំដោយកំពូលតារាស្រី Ann Thongprasom មានចំណងជើងថា «Kaen» ឬជាភាសាខ្មែរ «សងសឹក» ព្រោះរឿងនេះមានតារាល្បីៗជាច្រើនចូលរួមសម្ដែងដូចជា Aff Taksaorn, Taew Natapohn, Nine Naphat, DJ Push, និង Punjan Prama ជាដើមផងដែរ។

ដោយឡែកថ្មីៗនេះតារាស្រី Ann ក៏បានបង្ហើបប្រាប់មហាជនរឿងមួយ គឺមូលហេតុដែលនាងបានឲ្យតារា៣ដួងគឺ Aff, Taew និង Nine រួមការងារជាមួយគ្នា ដែលកន្លងមកអ្នកទាំង៣នាក់នេះពុំធ្លាប់រួមការងារជាមួយគ្នានោះទេ ក្នុងនោះ Ann បាននិយាយថា៖
«និយាយចាប់ផ្តើមពី Nine មុន ដោយខ្ញុំចង់ឃើញការសម្តែងក្នុងជីវិតដែលពោរពេញដោយភាពជូរចត់ ព្រោះកន្លងមកខ្ញុំឃើញគាត់សម្តែងជាតួប្រុសដែលស្រគត់ស្រគំ មានចិត្តកក់ក្តៅមកជាច្រើនរឿងហើយ។ ចំណែក Taew ជាតួឯកស្រីដែលមានបទពិសោធន៍ពេញខ្លួន ហើយសាច់រឿងនេះគឺ តម្រូវឱ្យនាងលេងតាំងពីតួអាយុ ១៥ ឆ្នាំ ដល់ ៣០ ឆ្នាំ ដែលបានឆ្លងកាត់បទពិសោធន៍ជីវិតជាច្រើន ខ្ញុំគិតថាសក្តិសមនឹង Taew។ មួយវិញទៀត គឺខ្ញុំមិនធ្លាប់រួមការងារជាមួយនាងពីមុន តែខ្ញុំដឹងថានាងជាមនុស្សមានទេពកោសល្យ។ ហើយបើ Aff វិញ ខ្ញុំមិនមានអ្វីនិយាយច្រើនទេ តែមុននឹងឱ្យគាត់លេង គាត់សួរខ្ញុំថា ប្រាកដចិត្តហើយដែលចង់ឱ្យគាត់ដើរតួនេះ ខ្ញុំក៏បានឆ្លើយថា ខ្ញុំជឿជាក់ថា Aff ធ្វើបាន»៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី