ទាល់តែមានប៉ិនប្រសប់បែបនេះ ធ្វើឲ្យកញ្ញា ស៊ីថា ឧម៉ាវត្តី ចេញរកស៊ីរហូតក្លាយជាសហគ្រិនទាំងវ័យក្មេងបែបនេះ
“មនុស្សជាច្រើនតែងតែ និយាយបង្អាក់ក្តីស្រមៃរបស់ខ្ញុំថា នៅក្មេងណាស់ធ្វើអត់កើតទេ នៅក្មេងចឹងធ្វើទៅនឹងចាញ់បោកគេមិនខាន មុខរបរនេះក៏មានគេអាយុច្រើនឆ្នាំធ្វើមិនចង់កើតផង ចុះទម្រាំមនុស្សក្មេង” នេះជាសម្តីមួយឃ្លារបស់ ស៊ីថា ឧម៉ាវត្តី។ ទោះជានរណាម្នាក់និយាយអ្វីក៏ដោយ សហគ្រិន ឧម៉ាវត្តីនេះ មិនខ្វល់នូវពាក្យសម្តីទាំងនេះឡើយ ក៏បានបោះជំហ៊ានចេញប្រឡូករកស៊ីទាំងវ័យ១៦ឆ្នាំ ដោយប្រើភាពប៉ិនប្រសប់របស់កញ្ញារហូត ក្លាយជាស្ថាបនិកនៃសម្អាងការ “រស្មីសុភមង្គល”។
សហគ្រិនតូចវ័យ១៨ឆ្នាំរូបនេះ បានរ៉ាយរ៉ាប់យ៉ាងដូច្នេះថា “ភាពប៉ិនប្រសប់របស់កញ្ញា គឺវាមានទាំងកញ្ញានៅតូចម្លេះដែលមានគំនិតចង់រកស៊ីរកចំណូលខ្លួនឯង។ កញ្ញាបានសន្សំលុយទាំងនៅរៀនថ្នាក់វិទ្យាល័យ នឹងការខំស្វះស្វែងរកដើមទុនពីមិត្តភក្តិ បងប្អូន តាមដែលអាចធ្វើបាន រួមជាមួយនឹងការធ្វើវាជាប្រចាំជាមួយអ្នកម្តាយ តាំងតែពីតូច នៅការច្នៃម៉ូតសំលៀកបំពាក់បែបបុរាណ និងសម័យទំនើប។ ហើយក្រោយពីបានដើមទុនទាំងនោះ កញ្ញាមិននូវបង្អង់យូរឡើយ ក៏បានចាប់ផ្តើមហក់ចេញរកស៊ីទាំងខ្លួនអាយុ១៦ឆ្នាំ រហូតវិវត្តន៍ខ្លួនម្តងៗបន្តិច បច្ចុប្បន្នជាស្ថាបនិក សម្អាងការធំមួយកន្លែងនៅរាជធានីភ្នំពេញ។
ទាក់ទងនឹងរឿងរកស៊ី កញ្ញាឧម៉ាវត្តី បានបង្ហើបថា “សម្អាងការរបស់កញ្ញាផ្ទាល់ មានភាពខុសប្លែកពីគេ ពីព្រោះគ្រប់ម៉ូតសំលៀកបំពាក់ទាំងអស់ គឺច្នៃម៉ូតដោយខ្លួនឯង ដែលគួរជាទីគាប់ចិត្តរបស់អតិថិជន រហូតមានការគាំទ្រយ៉ាងច្រើនទៀតផង។ ទៀតសោតកញ្ញាបានបន្តដែរថា ធ្វើអាជីវកម្មនេះក៏ជួបបញ្ហាខ្លះៗដែរ ទោះមិនសូវមានពេលគ្រប់គ្រាន់សម្រាប់រៀនសូត្រ ប៉ុន្តែកញ្ញានឹងខំតស៊ូរៀនរហូតដល់ចប់។
សហគ្រិនវ័យ១៨ឆ្នាំរូបនេះ បានផ្តាំផ្ងើដល់យុវជនក្មេងៗមួយចំនួនថា “ចង់ចេញរកស៊ីវ័យក្មេង ចង់បំពេញក្តីស្រមៃរបស់ខ្លួន មិនត្រូវចាំយូរ ចាប់ផ្តើមធ្វើនោះយើងនឹងទទួលបានជោគជ័យមុនគេ។ ចាប់ផ្តើមធ្វើ គឺចាប់ពីតូចទៅធំ ត្រូវសួរខ្លួនឯងសិនថាស្រលាញ់ចូលចិត្តនិងចង់ធ្វើឲ្យប្រាកដ ទើបធ្វើទៅទាំងមិនស្តាយក្រោយ៕