អូហូ! គ្រាន់តែរឿងចប់ភ្លាមតារាថៃស្រី Baifern ត្រូវបានអ្នកទស្សនាដាក់នាមឲ្យភ្លែតតែម្ដង!

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា​ ប្រជាប្រិយភាពរបស់តារាសម្តែងថៃស្រីវ័យក្មេងកញ្ញា Baifern Pimchanok ហាក់បីដូចជាកើនឡើងខ្លាំងណាស់ ហើយគ្រប់រឿងដែលនាងសម្ដែងគឺតែងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។

ជាក់ស្ដែងដូចជារឿងភាគថ្មីរបស់នាង សម្ដែងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ១ ដែលមានចំណងជើងថា «Bai Mai Tee Plid Plew» ត្រូវបានអ្នកទស្សនាលើកមកនិយាយគ្រប់ៗគ្នា និងសរសើរពីទេពកោសល្យសម្ដែងរបស់ តារាស្រីរូបនេះយ៉ាងខ្លាំង ថ្វីត្បិតតែសាច់រឿងនោះ​ នាងត្រូវដើរតួជាបុរសកែភេទ និងមានចរិតគុំកួន ចងគំនុំ ដែលនាងមិនធ្លាប់សម្ដែងពីមុនក៏ដោយ តែអ្នកនាងនៅតែសម្ដែងបានល្អឥតខ្ចោះ រហូតដល់ធ្វើឲ្យរឿងនេះមានអ្នកទស្សនាច្រើនជាងគេ ប្រចាំស្ថានីយទូរទស្សន៍ទៀតផង។

លើសពីនេះទៅទៀត គ្រាន់តែរឿងនេះបានចាប់បញ្ចាំងចប់ភ្លាម ទស្សនិកជនជាច្រើនបាននាំគ្នា ដាក់នាមឲ្យតារាស្រីរូបនេះថាជា «តារាសម្តែងស្រីលេចធ្លោ» ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕

អត្ថបទដោយ៖សុីវលី